រុស្ស៊ីព្រមានថា អ៊ីស្រាអែលកំពុងប្រថុយនឹងសង្គ្រាមនុយក្លេអ៊ែរ

មូស្គូ ៖ រុស្ស៊ីបានចេញមុខព្រមានក្តែងៗថា ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កការគំរាមកំហែងដែលមិនអាចទទួលយកបាន ចំពោះសន្តិសុខអន្តរជាតិ និងបង្កហានិភ័យរុញពិភពលោកឱ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរដោយសន្តិវិធីក្នុងប្រទេសអ៊ីរ៉ង់ គឺជារឿងខុសច្បាប់ ផ្ទុយពីទស្សនៈនៃច្បាប់អន្តរជាតិ។

ក្រសួងបន្ថែមថា ការកើនឡើងជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់បានប្រថុយនឹងអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលបន្ថែមទៀត ដូច្នេះរុស្ស៊ីជំរុញឱ្យថ្នាក់ដឹកនាំអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយឆ្មក់លើទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

ការព្រមានបែបនេះរបស់រុស្ស៊ី កើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃទី១៣ ខែមិថុនា ដោយបានបាញ់ស្រោចមីស៊ីលលើទីក្រុងតេហេរ៉ង់ ជាអ្វីដែលលោកប្រធានាធិបតី Isaac Herzog បញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។

អ៊ីស្រាអែលតែងចោទអ៊ីរ៉ង់ថា កំពុងសំងំផលិតគ្រាប់នុយក្លេអ៊ែរ និងថា ទីក្រុងតេហេរ៉ង់ជិតទទួលបានជោគជ័យក្នុងការអភិវឌ្ឍអាវុធដ៏សាហាវនេះហើយ។ យ៉ាងណា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងសាជាថ្មីថា ប្រទេសរបស់លោកគ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ្វីនោះទេ ក្រៅតែពីគោលបំណងសម្រាប់បម្រើជាថាមពលស៊ីវិលប៉ុណ្ណោះ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner