ឯកឧត្តម ខ្វៃ អាទិត្យា៖ ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និង បណ្តុះស្មារតីពលរដ្ឋស្រឡាញ់បរិស្ថាន

(កោះកុង)៖ ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និងបានលើកទឹកចិត្តឱ្យ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសកម្មភាព ជំរុញឱ្យមានចលនាឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហគ្រាស ភូមិឋានជាដើម។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបរិស្ថាន ស្តីពី «ការបណ្តុះផ្នត់គំនិតស្អាត និងបៃតង នៅតាមសហគមន៍មូលដ្ឋាន» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ខេត្តកោះកុង ឯកឧត្តម ខ្វែ អាទិត្យា បានថ្លែងថា ៖ ក្រសួងបរិស្ថាន បានជំរុញការអប់រំ ផ្សព្វផ្សាយ និងចលនាទៅតាមមូលដ្ឋាន សាលារៀន វត្តអារាម រោងចក្រ-សហគ្រាស សហគមន៍។ល។ ចូលរួមសំអាត និងគ្រប់គ្រងសំរាម,សំណល់ប្លាស្ទិក តាមផ្លូវជាតិ ផ្លូវខេត្ត តាមប្រព័ន្ធផ្លូវទឹក តាមភូមិឋាន និងទីឋាននានាការចេះទុកដាក់ ញែក គ្រប់គ្រងសំរាម, សំណល់រឹងបានត្រឹមត្រូវ និងចូលរួមអនុវត្ត 4R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។ ព្រមទាំងបណ្តុះផ្នត់គំនិត ពន្លកបៃតង ជាមួយនឹងការបណ្តុះការដាំ និងថែទាំកូនឈើ ដល់សិស្សានុសិស្ស យុវជន សមាជិកសហគមន៍ និងសាសនិកនានា ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ទៅប្រជាពលរដ្ឋពីផលប៉ះពាល់បណ្តាលមកពីការបំពុលប្លាស្ទិក មានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។ ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងបានថ្លែងថាអាជ្ញាធរខេត្ត បានដាំស្តាព្រៃកោងកាងឡើងវិញបានចំនួន ៥៤.៨០០ដើម ហើយការដាំស្តារឡើងវិញនេះ គឺមានចំនួនច្រើនជាងការបណ្តុះ ព្រោះក្រុមហ៊ុន និងអង្គការមួយចំនួន បានទិញពីសហគមន៍ខាងក្រៅយកមកដាំនៅក្នុងខេត្តកោះកុង ជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ មន្ទីរ បរិស្ថានខេត្តក៏បានបន្តបណ្តុះដើមកោងកាងបន្ថែមទៀត សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែងផ្សេងៗទៀតនៅក្នុងខេត្តកោះកុង។ ការដាំ និងស្តារព្រៃឡើងវិញ ជាពិសេសដើមកោងកាង គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះព្រៃកោងកាង ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆាជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ដូច្នេះយើងទាំងអស់គ្នាចាំបាច់ ត្រូវអភិរក្ស និងដាំស្តារព្រៃឡើងវិញ ជាពិសេសការដាំដើមកោងកាងឡើងវិញ ជាបន្តបន្ទាប់។

លោក John WILLIS នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA)បានថ្លែង ដោយអំណរគុណ ចំពោះក្រសួងបរិស្ថាន ដែលបានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីបរិស្ថានថ្ងៃនេះ ដែលផ្តោតលើ “ការបណ្តុះគំនិតស្អាត និងបៃតងក្នុងសហគមន៍មូលដ្ឋាន”។

លោកបានបញ្ជាក់ថា“យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមនេះតាមសំណើរបស់ក្រសួងដំណើរទស្សនកិច្ចនេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសមួយដើម្បីសង្កេតមើលសកម្មភាពបរិស្ថានកម្រិតសហគមន៍ និងដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយអាចភ្ជាប់ជាមួយនឹងឧទាហរណ៍ជាក់ស្តែង៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner