កូរ៉េខាងជើងចោទអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ព្យុងយ៉ាង ៖ ទ្រាំឈរអោបដៃមើលទៀតលែងបាន កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខចោទប្រកាន់អ៊ីស្រាអែលចំៗថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកប្រឆាំងអ៊ីរ៉ង់ និងបានព្រមានអាមេរិក រួមទាំងមហាអំណាចអឺរ៉ុបប្រឆាំងនឹងការដុតបញ្ឆេះភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា កូរ៉េខាងជើងមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការវាយប្រហារដោយរបស់អ៊ីស្រាអែល និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ហើយថា ការសម្លាប់ជនស៊ីវិលពីសំណាក់អ៊ីស្រាអែល គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមួយដែលមិនអាចលើកលែងឱ្យបាន។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានសង្កត់ធ្ងន់ថា ទង្វើខុសច្បាប់បង្កឡើងដោយរដ្ឋគាំទ្រអំពើភេរវកម្មអ៊ីស្រាអែល គឺកំពុងបង្កើនគ្រោះថ្នាក់ពីការផ្ទុះសង្គ្រាមថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។

គួរកត់សម្គាល់ អ៊ីស្រាអែលកាលពីថ្ងៃសុក្រទី១៣ ខែមិថុនា បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ ក្រោមហេតុផលទប់ស្កាត់កុំឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ សង្រ្គាមផ្លូវអាកាស និងការបាញ់ផ្លោងមីស៊ីលរវាងប្រទេសទាំងពីរ បានឈានចូលដល់ថ្ងៃទី៧ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។

ខាងភាគីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោច ២២៤នាក់ ត្រូវបានសម្លាប់ដោយសារស្នាដៃអ៊ីស្រាអែល ក្នុងនោះរួមមានទាំងមេបញ្ជាការយោធា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ ចំណែកខាងភាគីអ៊ីស្រាអែលវិញ បាននិយាយថា មនុស្ស ២៤នាក់ត្រូវបានសម្លាប់ដោយសារមីស៊ីលអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner