សម្តេចធិបតី គូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន ៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា៖
១. ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នា ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ- សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
២. ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។
៣. ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់ អាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការរួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួម របស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។
៤.ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់កម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
៥.ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិន ពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។
៦. ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា។


#ams1minute