អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព គឺបង្ហាញអំពីស្មារតី និងកម្លាំងសាមគ្កីភាពដ៏មោះមុតរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្កើតខឿនការពារជាតិ និងលើកទឹកចិត្តដល់កងទ័ពឈរជើងនៅជួរមុខ
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់ប្រជាពលរដ្ឋ និងយុវជនខ្មែរ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលចាប់ពីចំណុចចាប់ផ្តើមនៅកោះពេជ្រដំណើរតម្រង់ឆ្ពោះមកវិមានឯករាជ្យ ដែលជានិមិត្តរូបនៃឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺបានបង្ហាញអំពីស្មារតី និងកម្លាំងសាមគ្កីភាពដ៏ម៉មុតរបស់ប្រជាពលរដ្ឋ យុវជន គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ជាពិសេសគ្រប់និន្នាការនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមគ្នា ដើម្បីបង្កើតខឿនការពារជាតិសម្រាប់ជួយលើកទឹកចិត្តដល់កងទ័ពឈរជើងនៅជួរមុខ ដែលយកអាយុជីវិតទៅប្តូរការពារទឹកដី អធិបតេយ្យភាពរបស់ខ្មែរ ដែលកំពុងតែត្រូវបានរំលោភឈ្លានពានដោយកងយោធាថៃដែលជាប្រទេសជិតខាងរបស់កម្ពុជា។
បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា ការចូលរួមដ៏ច្រើនកុះករក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) គឺមានប្រជាពលរដ្ឋចូលរួមជាង១៥ម៉ឺននាក់ និងមានប្រជាពលរដ្ឋអបអរនៅតាមគេហដ្ឋាន នៅតាមកន្លែងផ្សេងៗ និងស្រែកហ៊ោរបង្ហាញអំពីទឹកចិត្តដ៏មោះមុតអង់អាចក្លាហានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយទាំងអស់ដែលជ្រោងទង់សាមគ្កីជាតិ រួមរួមជាតិរបស់ខ្មែរ ដើម្បីការពារសុខសន្តិភាព ការពារទឹកដីរបស់ខ្មែរកុំឲ្យមានអ្នកណាម្នាក់មករំលោភបំពាន។ នេះជាការឆ្លើយតបមួយដ៏មោទនភាព ហើយគឺជាសកម្មភាពមួយដែលផុសចេញអំពីបេះដូងរបស់ខ្មែរពិតៗ មិនមែនជាការសម្តែងមិនមែនជាការលាក់លៀមទេ។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំនៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ



