គណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាគំាទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ របស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាគំាទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្តិវិធី បន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចា និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ )ជាដើម។ ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំក៏បានថ្លែងការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមនសិការស្នេហាជាតិដ៏ស្មោះសរ មោះមុតខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាល និងជនរួមជាតិ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភានេះ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងទី៣ មិថុនា កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតី រួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមនិងភាគីពាក់ព័ន្ធទំាងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តពេញទំហឹង ជូនថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា បំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ឱ្យបានសស្រាក់សស្រាំក្នុងស្មារតី អ្នកនៅជួរក្រោយគំាទ្រនិងលើកទឹកចិត្តជានិច្ច អ្នកនៅជួរមុខ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner