មន្ត្រីព្រឹទ្ធសភា៖ នយោបាយការទូតសភា ​បានរួម​ចំណែកជួយពង្រឹង​សន្តិភាព និងនយោបាយនៅកម្ពុជា

ភ្នំពេញ៖ព្រឹទ្ធសភា នីតិកាលទី៥ ដែលមានសម្ដេចអគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជាប្រធានបានប្រកាសនៅ ក្នុងកិច្ចប្រជុំដំបូងនៃ​អាណត្តិថ្មី​របស់ព្រឹទ្ធសភា អំពីការធ្វើនយោបាយការទូតសភា ដែលជា​កិ​ច្ច​ការ​ងារ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួមចំណែកធានានិរន្តរភាព​សុខ​សន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការចងភ្ជាប់ ចំណងទាក់ទងកម្ពុជា ជាមួយប្រទេសជាមិត្ត កាន់តែរឹងមាំឡើងបន្ថែម​ទៀត ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈ​កម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និងព័ត៌មាននៃ​ព្រឹទ្ធសភា(គណៈកម្មការទី៥)​ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន​ក្នុងវេទិកាពិភាក្សាលើ​ប្រធាន​បទ «នយោបាយ​ការទូតសភា» កាល​ពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។វេទិកានេះ​រៀបចំ​ដោយ​ក្លិបអ្នកកាសែតកម្ពុជាសហការ​ជាមួយ​​គណៈ​កម្មការទី៥ នៃព្រឹទ្ធសភា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានចូលរួមប្រមាណ៨០រូបមកពី ៦០ស្ថាប័ន​ផ្សេងៗគ្នាឯកឧត្តម​បណ្ឌិត ចែម វីឌ្យ៉ា បាន​គូសរំលេចថា ​នៅ​ក្នុង​​​អាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្ដេចបាន​កំណត់វិសាលភាព​លើ​កិច្ចកា​រ​ងារ​ចំនួន​ពីរ​សំខាន់ គឺការលើកកម្ពស់​ការទូតសភា និងការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធ ជាមួយអង្គ​បោះឆ្នោត ។ នយោបាយ​ការទូត​សភា ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​​ជួយពង្រឹងសន្តិភាព និងនយោ​បាយ​នៅក្នុងប្រទេស​កម្ពុជា តាមរយៈ​កិច្ច​ការងារ​ទូត​ជា​មួយ​បណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យរាជ​រដ្ឋាភិបាល ​អាណិត្តទី៧ នៃ​រដ្ឋសភា​ដឹកនាំ​ប្រទេស​ដោយ​រលូន​។

ប្រធានគណៈកម្មការរូបនេះបានបន្ថែមថា បច្ចុប្បន្នក្នុងឋានៈជាប្រធាន​ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ សម្ដេច​តេជោ ហ៊ុន សែន បាន​និង​កំពុងពង្រឹង និងពង្រីកវិសាលភាពការងារ និងតួនាទីភារកិច្ចផ្នែក​អំណាច​នយោបាយ របស់ព្រឹទ្ធសភាកាន់តែសកម្មខ្លាំងក្លា និងប្រសិទ្ធ​ភាពខ្ពស់ ពិសេសគឺនយោបាយការទូតសភា ដើម្បីធ្វើទំនាក់ទំនង​សភា ជាមួយបណ្ដាសភាប្រទេសជាមិត្ត ជុំវិញពិភពលោក សំដៅចងភ្ជាប់​ចំណងទាក់ទងកាន់តែរឹងមាំ រវាងប្រទេស​និងប្រទេស ។

សូមជម្រាបថា ព្រឹទ្ធសភានីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានសមាជិកចំនួន ៦២រូប ដោយ​សមាជិក ៥៨រូប ត្រូវបាន​ជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ក្នុងនេះ ៥៥រូប ពីគណបក្ស​ប្រជាជនកម្ពុជា និង ៣រូបមកពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែកសមាជិក ២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង ២រូបទៀត ជ្រើសរើសដោយរដ្ឋសភា ។

ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាព​ពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាល​ភាព​ការងារ​របស់ខ្លួន​ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែក ដល់ដំណើរ​ការលទ្ធិប្រជា​ធិបតេយ្យ​ភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេស​ជាតិស្របតាមមុខងារទាំង៣ គឺ នីតិកម្ម ,តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner