សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះជំហររបស់បង់ក្លាដែស ដែលចង់ធ្វើជាដៃគូរបស់អាស៊ាន

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រចំពោះជំហររបស់បង់ក្លាដែស ដែលចង់ធ្វើជាដៃគូរបស់អាស៊ាន ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានលើកឡើងនូវចំណុច២ ដើម្បីសុំការគាំទ្រពីសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជា ការសុំការគាំទ្រពីកម្ពុជា ដោយទី១ ឯកឧត្តម បានស្នើឲ្យមានការជំរុញ ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែស ឲ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន ។ ឯកឧត្តម បានលើកឡើងពីទិដ្ឋភាពសក្កានុពល ដែលប្រទេសកម្ពុជាមាន ជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍន៍ឆាប់រហ័ស ដោយឯកឧត្តម លើកឡើងថា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ជឿនលឿនប្លែក ។

ទី២ ឯកឧត្តមបានស្នើ និងសុំឲ្យកម្ពុជា គាំទ្របង់ក្លាដែស គឺតួនាទីរបស់បង់ក្លាដែស ក្នុងការធ្វើជាដៃគូ របស់អាស៊ាន ។ ឯកឧត្តមបានបញ្ជាក់ថា បង់ក្លាដែស ចង់ចូលរួមចំណែក ធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយអាស៊ាន តាមដែល បង់ក្លាដែស អាចធ្វើទៅបាន ជាពិសេស នៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហាមីយ៉ាន់ម៉ា ក្នុងនាម បង់ក្លាដែស ជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ាន ជួយដល់តំបន់អាស៊ានផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន  បានស្វាគមន៍ ហើយសម្ដេចគាំទ្រ ចំពោះជំហរ របស់បង់ក្លាដែស ដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យ ដែលជាផ្នែកមួយ ជួយដល់បង់ក្លាដែស ក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត ជាពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាម បង់ក្លាដែស គឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ ក្នុងការដោះស្រាយមីយ៉ាន់ម៉ា ។

សម្ដេចតេជោ ក៏គាំទ្រផងដែរ ក្នុងការជំរុញពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស មានការវិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរ។ សម្ដេចបន្តថា ស្នូលនៃទំនាក់ទំនងរវាង កម្ពុជា និងបង់ក្លាដែស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ ។

សម្ដេច បានផ្ដល់ជាគំនិតថា បង់ក្លាដែស គួរតែគិតគូរបន្ថែម ក្នុងការចូលជាដៃគូ នៃ RCEP ពីព្រោះថា បច្ចុប្បន្ននេះ RCEP កំពុងតែបើកផ្លូវឱ្យសមាជិកចូលបន្ថែម ហើយបង់ក្លាដែស ជាប្រទេសដែលមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះ ជាឱកាសប្រសិនបើ បង់ក្លាដែស អាចចូលជាសមាជិក RCEP បាន ។

ឯកឧត្តមក៏បានពេញចិត្តចំពោះ ការផ្ដល់យោបល់របស់សម្ដេចតេជោ ដែលចង់ឲ្យ បង់ក្លាដែស ចូលជាសមាជិក RCEP ហើយឯកឧត្តម នឹងរាយការណ៍ទៅរដ្ឋាភិបាលរបស់លោក ហើយនឹងពិចារណាចូលជាសមាជិករបស់ RCEP ។

ឯកឧត្តម ក៏បានអរគុណចំពោះសម្ដេចតេជោ ជាពិសេស រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ ដល់ជនជាតិបង់ក្លាដែស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានស្នើឲ្យបង់ក្លាដែស គាំទ្រកម្ពុជាវិញ ទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេច បានពន្យល់អំពីហេតុការណ៍ ដែលបានកើតឡើងថ្មីៗនេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែស គាំទ្រចំហរកម្ពុជា ដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេស ការរុញបញ្ហានេះ ទៅយន្តការច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការយុត្តិធម៌អន្តរជាត ICJ ។

ឯកឧត្តមក៏បានសំដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរព ក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក។ ឯកឧត្តមបានបញ្ជាក់ទៀតថា សម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើមដែលពិភពលោកត្រូវការ ហើយឯកឧត្តមរំពឹងថា តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដេស នឹងកាន់តែរីកចម្រើនបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner