មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី គាំទ្រយន្តការដោះស្រាយរឿងក្ដីជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការ ICJ
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានគាំទ្រ សម្រាប់យន្តការក្នុងការដោះស្រាយ នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស យន្តការដែលផ្ញើរឿងក្ដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា រដ្ឋមន្រ្តីម៉ាឡេស៊ី បានលើកឡើងពីសក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេស ចំនួននៃការកើនឡើងទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជា ពេលបច្ចប្បន្ន ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់កម្ពុជាផងដែរ។

ឯកឧត្តម Dato’ Sri Tiong King Sing បានសុំស្ដាប់យោបល់របស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ។
សម្ដេចតេជោ បានផ្ដល់យោបល់ឲ្យប្រទេសទាំងពីរ ពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នា ឲ្យកាន់តែរីកចម្រើន តាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរ នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងដោយស្នើឲ្យមានការពង្រីកជើងហោះហើរបន្ថែម ពីម៉ាឡេស៊ី មកកាន់កម្ពុជា។ ក្រៅពីជើងហោះហើរមកកាន់រាជធានីភ្នំពេញ សម្ដេចតេជោ បានស្នើបង្កើននូវជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីជាផ្នែកនៃការពង្រីកវិស័យទេសចរណ៍ រវាងប្រទេសទាំងពីឲ្យកាន់តែរីកចម្រើន ជាពិសេស ការពង្រឹងឲ្យប្រជាជន នៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ ដែលជាផ្នែកមួយ នៃការរុញច្រាន ទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែរីកចម្រើន បន្ថែមលើអ្វីដែលមានស្រាប់ ដែលភាគីទាំងពីរ កំពុងជំរុញនូវផ្នែកសេដ្ឋកិច្ច វិនិយោគជាមួយគ្នានាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ។
តាមរយៈនេះ សម្ដេចតេជោ បានឲ្យស្នើ ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍ នាំសាររបស់សម្ដេចតេជោ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដើម្បីប្រាប់ទៅកាន់ ឯកឧត្តម អាន់ វ៉ា ដែលជាប្រធាន អាស៊ាននាពេលបច្ចុប្បន្ន ដោយសម្ដេចបានពន្យល់អំពី ស្ថានភាពពិតប្រាកដ នៃការកើតឡើងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេស ការចាប់ផ្ដើមចេញ ពីការសម្លាប់ទាហ៊ានខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ដែលជាការប្រមាថមកលើកម្ពុជា និងជាការឈ្លានពានមកលើកម្ពុជារបស់យើង ។

ទន្ទឹមនេះ សម្ដេចបានបញ្ជាក់អំពីរឿងរ៉ាវជម្លោះដែលបង្កឡើងដោយថៃ ជាពិសេស គឺការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថរបស់ភាគីថៃមកលើកម្ពុជា តាមរយៈការគម្រាមបិទអគ្គីសនី អ៊ិនធើណេត ការប្រមាថមកលើពលករកម្ពុជា ហើយកម្ពុជា បានធ្វើការឆ្លើយតបទៅវិញ ដែលជាវិធានការមួយទាន់ពេលវេលា និងមិនអនុញ្ញាតឲ្យបរទេស ជាពិសេស ប្រទេសថៃ ប្រមាថមកលើប្រជាជនយើង ប្រទេសជាតិយើង និងមោទនភាពដែនដី នៃជាតិយើងនោះទេ។ ដូច្នេះ សម្ដេចបានពន្យល់អំពីទិដ្ឋភាពជាក់ស្ដែងពិតប្រាកដ ដែលបានកើតឡើង ជូនឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឯកឧត្តម នាំសារទៅកាន់នាយករដ្ឋមន្រ្តី ម៉ាឡែស៊ី ដែលជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ។
លើសពីនេះ សម្ដេចតេជោ បានលើកឡើងនូវយន្តការរបស់កម្ពុជា ដែលបានធ្វើ ដោយកម្ពុជា នឹងរក្សានូវជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដូច្នេះទើបកម្ពុជា អនុវត្តការចរចារទ្វេរភាគី ប៉ុន្តែការចរចារគ្មានប្រសិទ្ធភាព ទើបកម្ពុជា សម្រេចបញ្ជូនរឿងក្ដី ទៅតុលាការអន្តរជាតិ ICJ ដែលជាយន្តការតាមច្បាប់អន្តរជាតិ បែបចាស់ទុំ ផ្អែកតាមទិដ្ឋភាពច្បាប់។ ដូច្នេះ យន្តការរបស់កម្ពុជា ជាយន្តការស្របតាមច្បាប់ដែលសម្ដេចតេជោ ស្នើឲ្យប្រធានអាស៊ាន មានការគាំទ្រ ពីព្រោះកម្ពុជា មិនចង់មានជម្លោះរវាងប្រទេសជិតខាងទេ ដោយឡែកក្នុងករណីប្រសិនបើមានការឈ្លានពានបន្តទៀត គឺកម្ពុជា រក្សាក្នុងការការពារខ្លួន ហើយអាចវាយបកត្រឡប់វិញ ។

សម្ដេចតេជោ បានបញ្ជាក់ថា ទាំងអស់នេះ គឺជាមូលហេតុសំខាន់ដែលកម្ពុជា សម្រេចចិត្ត នាំរឿងក្ដីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ព្រោះមិនចង់នាំរឿងក្ដីទៅកាន់ អាស៊ាន នាំឲ្យអាស៊ានឈឺក្បាលទេ។ ប៉ុន្តែយន្តការនេះ គឺជាយន្តការដែលពិភពលោកជួយដោះស្រាយ ដើម្បីរកភាពត្រឹមត្រូវ ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី សន្យាផ្ញើសារទាំងអស់នេះ ទៅកាន់ នាយករដ្ឋមន្រ្តី ដែលជាប្រធានអាស៊ាន ដើម្បីពិនិត្យថា ប្រធានអាស៊ាន មានការគិត និងដោះស្រាយដោយរបៀបណា ចំពោះបញ្ហាដែលកើតមានឡើងរវាងកម្ពុជា-ថៃ នាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការគាំទ្រ សម្រាប់យន្តការរបស់ សម្ដេចតេជោ ក្នុងការដោះស្រាយនូវបញ្ហានេះ ជាពិសេស យន្តការដែលផ្ញើរឿងក្ដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
