ក្រុមហ៊ុនឡុង ស្រេង ដែលផ្តោតលើការដាំចេកអំបូរលឿងផ្តត់ផ្គង់ទីផ្សារចិនកំពុងកង្វះកម្លាំងពលកម្មប្រមាណជា ៤០%ទៀត
(កំពង់ចាម)៖ លោក ស្រី ហេង ដាវី ប្រធានក្រុមហ៊ុនឡុងស្រេង ដែលកំពុងវិនិយោគលើដំណាំចេកអំបូរលឿង នៅក្នុងស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនឡុងស្រេង បានដាំចេកអំបូរលឿងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារធំជាងគេគឺប្រទេសចិន។
លោក ស្រីថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកផ្ទៃដីនៃការដាំដុះបានប្រមាណជាជាង២០០០ហិចតាហើយ ដោយទិន្នផលទទួលបានសម្រាប់នាំចេញប្រមាណជាជិត១០ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារអន្តរជាតិមានដូចជាជប៉ុនប្រមាណជាង១០%និងទីផ្សារចិនដែលជាទីផ្សារធំជាងគេប្រមាណជាជាង៨០% ។
លោក ហេង ដាវី អះអាងទៀតថា ទិន្និផលដែលទទួលបានក្នុងមួយឆ្នាំជិត១០ម៉ឺនតោននេះ មិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លើទីផ្សារចិននៅឡើយ។ ពោលក្រុមហ៊ុនកំពុងតែពង្រីកផ្ទៃដីដាំបន្ថែមជាច្រើនបន្ថែមទៀត ដោយត្រូវការកម្លាំងពលកម្មបន្ថែមទៀតប្រមាណជា៤០%ខណៈដែលបច្ចុប្បន្នលោកស្រីបានប្រើប្រាស់កម្លាំងពលកម្មប្រមាណជាជាង៥០០០នាក់។ ហើយ កម្មករម្នាក់អាស្រាយលើទំហំការងារក្នុងមួយខែទទួលបានប្រាក់កម្រៃចាប់ពី១លានរៀលដល់១លាន៨០ម៉ឺនរៀល។ ក្រុមហ៊ុនក៏មានផ្តល់ជូនបន្ថែមផ្ទះស្នាក់មិនគិតលុយ និងការមើលថែសុខភាពពីពេទ្យរបស់ក្រុមហ៊ុនផងដែរ។ស្របពេលមានជម្លោះបញ្ហាព្រមដែនកម្ពុជាថៃ លោកស្រី ក៏ផ្តល់ឱកាសការងារជូនពលករដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃផងដែរ។ប៉ុន្តែត្រូវដាក់ពាក្យតាមមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ដំណាំចេកអំបូរលឿងដែលវិនិយោគដាំដុះដោយក្រុមហ៊ុនឡុងស្រេង បច្ចុប្បន្ននេះមានជាង២០០០ហិចតា ទទួលបានទិន្និផលប្រមាណជាជិត១០ម៉ឺនតោនក្នុងមួយឆ្នាំៗ នាំចេញទៅកាន់ទីផ្សារធំប្រទេសចិនជាង៨០%ជប៉ុនជាង១០% ខណៈដែលទីផ្សារប្រទេសកូរ៉េកំពុងធ្វើការចចារ្យនៅឡើយ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ







