អ៊ីស្រាអែលនឹងអស់អាវុធបាញ់ទម្លាក់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ឆាប់ៗនេះ

ហ្សេរុយសាឡឹម ៖ កាសែត Washington Post រាយការណ៍ថា មីស៊ីលការពារដែនអាកាសរបស់អ៊ីស្រាអែល ដែលប្រើបាញ់ស្ទាក់មីស៊ីលបាលិស្ទីករបស់អ៊ីរ៉ង់បច្ចុប្បន្ន នឹងអស់ពីឃ្លាំងក្នុងពេលតិចជាងពីរសប្តាហ៍ទៀត បើសិនគ្មានការផ្គត់ផ្គង់បន្ថែមពីសហរដ្ឋអាមេរិក ឬការផលិតដោយខ្លួនឯងផ្ទាល់នោះទេ។

កាសែត Washington Post បានចេញផ្សាយថា ការស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ គឺជាការចំណាយដ៏ខ្ពស់សម្រាប់អ៊ីស្រាអែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ការចំណាយរបស់អ៊ីស្រាអែលលើការការពារមីស៊ីលប្រហែលជាខ្ទង់ ២៨៥លានដុល្លារក្នុងមួយយប់។

ដោយសំអាងលើល្បឿននៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះ អ៊ីស្រាអែលប្រហែលជាអាចទប់ទល់បានត្រឹមតែ១០ទៅ១២ថ្ងៃទៀតប៉ុណ្ណោះ ក្នុងករណីគ្មានការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសរបស់អាមេរិក ឬជំនួយពីកងកម្លាំងអាមេរិក ពីព្រោះមីស៊ីលការពារដែនអាកាសទាមទារការចំណាយពេលយូរក្នុងការផលិត។

អ៊ីរ៉ង់បានវាយប្រហារសងសឹកអ៊ីស្រាអែល ដោយប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលរាប់រយគ្រាប់ ចាប់តាំងពីរដ្ឋជ្វីហ្វមួយនេះវាយលុកអ៊ីរ៉ង់កាលពីថ្ងៃសុក្រទី១៣ ខែមិថុនា ដោយលើកហេតុផលថា ជាវិធានការបង្ការទុកជាមុន ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការផលិតគ្រាប់បែកនុយក្លេអ៊ែរបាន។

ស្របពេលជាមួយគ្នានេះ កងកម្លាំងអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងជួយអ៊ីស្រាអែលទប់ទល់ ឬស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ដែលបាញ់ចូលទៅក្នុងទឹកដីរបស់អ៊ីស្រាអែល។

ចំណែក លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អាមេរិកអាចនឹងចូលរួមក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ប៉ុន្តែគិតមកទល់ពេលនេះ នៅមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ប៉ុន្តែភាគីអ៊ីរ៉ង់បានព្រមានអាមេរិកទុកជាមុនថា ការជាប់ពាក់ព័ន្ធណាមួយ នឹងនាំឱ្យអាមេរិកជួបផលវិបាកធ្ងន់ធ្ងរបំផុត ដែលមិនអាចស្រោចស្រង់វិញបាន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner