ស៊ែប៊ីខ្ចីលុយធនាគារជាង ២ ពាន់លានដុល្លារ បង្គ្រប់ទិញយន្តហោះចម្បាំងបារាំង
ប៊ែលហ្គ្រាដ ៖ ថ្មីៗនេះ សភាស៊ែប៊ីបានបើកភ្លើងខៀវឱ្យប្រទេសរបស់ខ្លួនខ្ចីលុយប្រហែល ២.២ពាន់លានដុល្លារ ពីធនាគារបារាំងមួយចំនួន ហើយបង្វែរកញ្ចប់ថវិកាទាំងនេះ ទៅចាយវាយលើការបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើប Rafale របស់ប្រទេសបារាំងចំនួន ១២គ្រឿង ស្របពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែពុះកញ្ជ្រោល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The defense post។
ខែសីហាឆ្នាំមុន ស៊ែប៊ីបានយល់ព្រមទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន ១២គ្រឿង ក្នុងនោះយន្តហោះចម្បាំងមានកៅអីបើកតែមួយចំនួន ៩គ្រឿង និងមានកៅអីបើកពីរចំនួន ៣គ្រឿង ក្នុងតម្លៃសរុប ៣.១ពាន់លានដុល្លារ។
កងយន្តហោះចម្បាំងបារាំងទាំងនេះ នឹងត្រូវចូលជំនួសកងយន្តហោះចម្បាំង MiG របស់សូវៀតដែលហួសសម័យកាល។ យោងតាមកិច្ចព្រមព្រៀង គឺតម្រូវឱ្យស៊ែប៊ីបង់លុយមុនប្រហែល ៩៥២លានដុល្លារ ហើយលុយនៅសេសសល់ គឺស៊ែប៊ីគ្រោងនឹងខ្ចីពីធនាគារ និងស្ថាប័នឥណទានរបស់បារាំង។
រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ែប៊ី លោក Sinisa Mali បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធស៊ែប៊ីក្នុងទ្រង់ទ្រាយធំ ហើយនេះគឺជាការវិនិយោគដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកងទ័ពស៊ែប៊ី។
លោករដ្ឋមន្ត្រីបានបន្ថែមថា យន្តហោះចម្បាំង Rafale ដំបូងគេ ត្រូវបានរំពឹងថា នឹងបញ្ជូនមកដល់នៅដើមឆ្នាំ២០២៨ ហើយការចែកចាយបន្តបន្ទាប់នឹងធ្វើឡើងជារៀងរាល់ខែរហូតដល់គ្រប់ចំនួន ១២គ្រឿង។
គួរកត់សម្គាល់ យន្តហោះ Rafale ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបារាំង Dassault Aviation។ យន្តហោះចម្បាំងជំនាន់៤,៥នេះ ត្រូវបានបង្កើតឡើងមានចំនួន៣ប្រភេទ មានដូចជា Rafale C ដែលជាប្រភេទមានកៅអីមួយ, Rafale B មានកៅអីពីរ និង Rafale M ជាប្រភេទយន្តហោះចម្បាំងបំពាក់លើនាវាដឹកយន្តហោះ។
យន្តហោះចម្បាំងប្រភេទនេះ អាចបត់បែនតាមកាលៈទេសៈ ដោយសារតែល្បឿន និងកម្លាំងម៉ាស៊ីន។ ជាប្រភេទយន្តហោះ ដែលបំពាក់ម៉ាស៊ីនពីរ Rafale មានសមត្ថភាពបើកប្រតិបត្តិការក្នុងចម្ងាយឆ្ងាយ, មានប្រព័ន្ធការពារមីស៊ីល, ប្រព័ន្ធកំបាំងខ្លួនពីរ៉ាដា, វាយប្រហារពីអាកាសទៅដី និងនៅលើអាកាស, ប្រឆាំងនឹងការវាយប្រហាររបស់នាវា និងសមត្ថភាពសំខាន់ៗជាច្រើនទៀត៕
ប្រភព ៖ The defense post ប្រែសម្រួល ៖ ឈឹម ទីណា
