អ្នកឧកញ៉ា ហេង ឡុង ៖ អ្នកចង់វិនិយោគកសិកម្មជោគជ័យត្រូវសម្លឹងមើលទីផ្សារអន្តរជាតិ និងដាំណាំណាទទួលបានផលមកវិញក្នុងរយៈពេលខ្លី

(កំពង់ចាម)៖ អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយក ក្រុមហ៊ុន ឡុង ស្រេង ដែលមានបទពិសោធន៍ធ្វើការវិនិយោគលើការដាំដុះដំណាំកៅស៊ូ ដំណាំចេក និងទុរេន រួមនិងរោងចក្រឧហ្សាហកម្មមួយចំនួន ស្ថិតនៅក្នុង ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកចង់វិនិយោគលើដំណាំកសិកម្មថា មុនចូលខ្លួនមកវិនិយោគលើដំណាំកសិកម្ម គួរតែសិក្សាឱ្យបានស៊ីជម្រៅ ហើយត្រូវសម្លឹងមើលទីផ្សារអន្តរជាតិជាមុនសិន និងដាំណាំណាដែលតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ ហើយ ដំណាំនោះដាំរយៈពេលខ្លីទទួលបានផលត្រឡប់មកវិញឆាប់។

អ្នកឧកញ៉ាថា ការដាំដំណាំដែលហុចផលត្រឡប់មកវិញលឿន គឺជាផលល្អវិជ្ជមានសម្រាប់អ្នកវិនិយោគដំណាំកសិកម្ម មានន័យថា យើងអាចប្រមូលទុនត្រឡប់មកវិញជាបណ្តើរៗ ដែលជួយមិនឱ្យយើងកប់ដើម។

អ្នកឧកញ៉ាដែលមានបទពិសោធន៍ជាង២០ឆ្នាំវិនិយោគលើវិស័យកសិកម្មរូបនេះ បានពន្យល់ទៀតថា ដំណាំកសិកម្មគឺជាកាំបិតមុខពីរប្រសិនបើខ្វះបច្ចេកទេស និងមិនមានទីផ្សារច្បាស់លាស់និងធ្វើឱ្យអ្នកវិនិយោគលើការដំដុះកសិកម្មមិនជោគជ័យនិងមានការក្ស័យធន។

បន្ថែមលើនេះ អ្នកឧកញ៉ា បានអំពាវនាវឱ្យអ្នកមានលុយនៅកម្ពុជាងាកសម្លឹងមកវិនិយោគលើដំណាំកសិករ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជា ព្រោះបច្ចុប្បន្ននេះ ការវិនិយោគលើវិស័យកសិកម្មមានឱកាសចំនេញខ្ពស់ ដោយសារតែដីមានច្រើន និងមានតម្លៃទៀបនៅឡើយ។ ហើយ ការជ្រើសរើសមកវិនិយោគលើវិស័យកសិកម្ម គឺជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលរដ្ឋាន និងក្នុងស្រុក ជួយកាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅធ្វើការក្រៅប្រទេស។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយក ក្រុមហ៊ុន ឡុង ស្រេង បាននិងកំពុងគ្រប់គ្រងលើក្រុមហ៊ុនជាច្រើន ក្នុងស្រុកស្ទឹងត្រង់ ខេត្ត កំពង់ ចាម មានរោងចក្រផលិតកៅស៊ូក្រែប រោងចក្រផលិតក្រដាសវេបខ្ចប់ រោងចក្រផលិតជីធម្មជាតិ និងជាម្ចាស់ចំការដំណាំសក្កានុពលជាច្រើនមានដូចជា ទុរេន ចេក ម្នាស់ និងដំណាំម្ឃុតជាដើម លើផ្ទៃដីសរុបជិត១ម៉ឺនហិកតា ។ ក្រុមហ៊ុន និងចំការដំណាំផ្លែឈើទាំងនោះ បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋសរុបជាង៦០០០នាក់ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner