រដ្ឋមន្រ្តីការពារជាតិ៖ បើនៅតែប្រើផែនទីខុសគ្នា ទោះ១០ឆ្នាំ ១០០ឆ្នាំ ឬ ១០០០ឆ្នាំ ក៏ការដោះស្រាយរឿងព្រំដែនតាមរយៈយន្តការទ្វេភាគី មិនអាចទៅរួចទេ
ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា បើថៃ មានបំណងដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលអាចធ្វើបាន តាមរយៈយន្តការគណៈកម្មការចម្រុះព្រំដែន(JBC)កម្ពុជា ថៃ ប៉ុន្តែថៃ បានអាក់ខានដោះស្រាយបញ្ហាព្រំដែន តាំងពី២០១២- ២០១៣មកម្ល៉េះ។ ពោល វាមានពេល ១២ឆ្នាំហើយ កម្ពុជា-ថៃ អាក់ខានក្នុងការដោះស្រាយបញ្ហាព្រំដែន ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា កម្ពុជា ដោះស្រាយផែនទីជាមួយវៀតណាម ឡាវ បានជាង ៨០ភាគរយ ។ សួរថា ហេតុអ្វីកម្ពុជា ធ្វើជាមួយវៀតណាម ជាមួយឡាវបាន តែជាមួយថៃមិនបាន?
ឧបនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា ដូច្នេះដរាបណាថៃ នៅតែប្រើប្រាស់ផែនទីខុសគ្នាបែបនេះ ទោះជាដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ១០ឆ្នាំ ទៅ ១០០ឆ្នាំ ឬ ១០០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយបានដែរ ។ ដូច្នេះកម្ពុជា មានតែលើកបញ្ហានេះ ទៅតុលាការអន្តរជាតិ ៕



ដោយ:វណ្ណលុក