រដ្ឋមន្ត្រីការពារជាតិអំពាវនាវដល់ពលរដ្ឋថៃ ដែលកំពុងស្នាក់នៅ ធ្វើការរកសុីក្នុងប្រទេសកម្ពុជា មានការយោគយល់ និងបន្តប្រកបអាជីវកម្មតាមធម្មតា
ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ពលរដ្ឋថៃទាំងអស់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជា សូមមានការយោគយល់ និងបន្តខិតខំធ្វើការរកសុី ។ពោលបញ្ហារវាង កម្ពុជា-ថៃ នាពេលនេះ ជាបញ្ហាកងទ័ពប៉ុណ្ណោះ ។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បញ្ជាក់ដូច្នេះថា សូមអាជីវករថៃ អ្នកវិនិយោគថៃ ដែលនៅក្នុងប្រទេសកម្ពុជា សូមមេត្តារក្សាភាពអត់ធ្មត់បន្តិច កម្ពុជា មិនចង់ទេ, ជាបញ្ហាកងទ័ព និងកងទ័ព ដែលត្រូវបន្តដោះស្រាយរួមគ្នា ។
ឯកឧត្តម ទៀ សីហា បន្តថា ចំពោះអាជីវករថៃ ដែលកំពុងប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សូមបន្តនិរន្តភាពនៃមុខរបររបស់ខ្លួន ព្រោះកម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាទាំងមូល មិនធ្វើទុកបុកម្នេញទៅកាន់ជនជាតិថៃ ដែលរស់នៅប្រទេសកម្ពុជាឡើយ ។
នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីបានបន្តថា បញ្ហាដែលកើតរវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវតែដោះស្រាយដោយកងទ័ព និងកងទ័ព មិនបានទាញប្រជាពលរដ្ឋមកជាប់ពាក់ព័ន្ធ ឬញុះញង់ឱ្យមានការរើសអើងជាតិសាសាន៍នោះឡើយ ៕


ដោយ:វណ្ណលុក