លោក Netanyahu ប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ និង មីស៊ីលផ្លោងអ៊ីរ៉ង់
ហ្សេរុយសាឡឹម ៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាត់វិធានការនានា ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។
លោក Netanyahu បានប្រាប់អ្នកកាសែតនៅទីក្រុង Beersheba ភាគខាងត្បូង ជាកន្លែងដែលមន្ទីរពេទ្យមួយរងការវាយប្រហារពីមីស៊ីលអ៊ីរ៉ង់ថា យើងប្តេជ្ញាលាងជំរះការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីស្រាអែល។
ហើយគោលដៅធំៗរបស់យើងមានពីរ គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអ៊ីរ៉ង់។ យើងនឹងបោសសម្អាតពួកវា ហើយយើងកំពុងស្ថិតក្នុងដំណើរការបញ្ចប់ការគំរាមកំហែងទាំងនេះហើយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មិនអាចអនុញ្ញាតឱ្យនៅមានជីវិតលើផែនដីតទៀតទេ។
លោក Katz បានប្រាប់អ្នកយកព័ត៌មានថា លោក Khamenei ប្រកាសដោយបើកចំហថា គាត់ចង់បំផ្លាញអ៊ីស្រាអែល ដូច្នេះមនុស្សបែបនេះ មិនគួរណាអនុញ្ញាតឲ្យរស់នៅលើផែនដីតទៀតបានទេ។
ដោយឡែក លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា អាមេរិកបានដឹងពីទីតាំងលាក់ខ្លួនរបស់លោក Khamenei ប៉ុន្តែអាមេរិកនឹងមិនសម្លាប់គាត់នៅក្នុងពេលនេះ។
ជាការឆ្លើយតប បព្វជិតនិកាយស៊ីអ៊ីតកំពូលរបស់អ៊ីរ៉ាក់ លោក Grand Ayatollah Ali Sistani បានព្រមានខ្លាំងៗថា ការកំណត់គោលដៅណាមួយលើមេដឹកនាំសាសនា និងនយោបាយកំពូលរបស់អ៊ីរ៉ង់ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា