អ្នកឧកញ៉ា យី រដ្ឋា នាំយកថវិកា ២០០លានរៀល ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវ ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលទទួលបានការស្រលាញ់ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា យី រដ្ឋា ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយជាថវិកា ចំនួន ២០០ លានរៀល ជូនដល់មន្ទីពេទ្យ គន្ធបុប្ផា និងជូនលោកគ្រូ អ្នកគ្រូពេទ្យ ចំនួន ១៦៣នាក់ ក្នុងម្នាក់ ១០០ ០០០៛ (ដប់មុឺនរៀល) និងបុគ្គលិក ៨៨៧នាក់ ក្នុងម្នាក់ ៥០ ០០០៛ (ប្រាំមុឺនរៀល) ព្រមទាំងអ្នកជំងឺដែលសម្រាកព្យាបាលចំនួន ១ ៣០០នាក់ ក្នុងម្នាក់ៗ ៥០ ០០០ ៛ (ប្រាំមុឺរៀល) ផងដែរ ។

លោកជំទាវអ្នកឧកញ៉ា យី រដ្ឋា លើកឡើងថា ការចូលរួមនូវថវិកានេះ គឺចង់បង្ហាញពីការអាណិតស្រឡាញ់ ចំពោះកុមារ ដែលគ្រួសាររបស់ពួកគេមានជីវភាពខ្វះខាត ហើយបានមករកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ហើយក៏ជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងបង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងត្រូវការ ហើយកុមារ គឺជាទំពាំងស្នងឫស្សី ដែលយើងម្នាក់ៗ ត្រូវតែគិតគូរពីសុខភាពរបស់ពួកគេ ។

អ្នកឧកញ៉ា បន្តថា នាពេលកន្លងមក មន្ទីរពេទ្យគន្ធបុប្ផា ក៏បានជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជារាប់មិនអស់ ហើយក្នុងនោះក៏មានវត្តមានកូនរបស់ អ្នកឧកញ៉ា ផងដែរ ហើយជាការតបស្នងសងគុណ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចលោកគ្រូ- អ្នកគ្រូពេទ្យ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ផងដែរ ។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត តំណាងឱ្យមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា យី រដ្ឋា ដែលបានយកអំណោយ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner