អ៊ីស្រាអែលថាប្តូរពិភពលោក ជាមួយនឹងសង្គ្រាមអ៊ីរ៉ង់
បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Netanyahu បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានផ្លាស់ប្តូរពិភពលោក ជាមួយនឹងសង្គ្រាមអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Kan នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «អ៊ីស្រាអែលកំពុង ផ្លាស់ប្តូរមុខមាត់ពិភពលោក នៅក្នុងសង្រ្គាមរបស់ខ្លួន ជាមួយអ៊ីរ៉ង់» ខណៈដែលលោកស្វាគមន៍ ជំនួយទាំងអស់ ក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែរ របស់សាធារណរដ្ឋអ៊ីស្លាម មួយនេះ។
«ខ្ញុំបាននិយាយថា យើងកំពុងផ្លាស់ប្តូរមុខមាត់ មជ្ឈិមបូព៌ា។ ហើយឥឡូវនេះ ខ្ញុំហ៊ានប្រាប់អ្នកថា យើងកំពុងផ្លាស់ប្តូរមុខមាត់ ពិភពលោក»។
ក្នុងអំឡុងពេលសម្ភាសន៍ លោក Netanyahu បានបន្តនិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump «នឹងធ្វើអ្វីដែលល្អសម្រាប់សហរដ្ឋអាមេរិក ហើយខ្ញុំនឹងធ្វើអ្វីដែលល្អ សម្រាប់រដ្ឋអ៊ីស្រាអែល» ។
បន្ទាប់ពីការកត់សម្គាល់នេះ លោក Trump បានផ្តល់ពេលវេលាថ្មី សម្រាប់ការធ្វើអន្តរាគមន៍ របស់សហរដ្ឋអាមេរិក ដែលអាចកើតមាន នៅក្នុងជម្លោះ ដោយនិយាយ តាមរយៈសេចក្តីថ្លែងការណ៍ថា លោកនឹងសម្រេចចិត្តថា តើត្រូវវាយប្រហារប្រទេសអ៊ីរ៉ង់ ឬ យ៉ាងណា ក្នុងរយៈពេល ២សប្តាហ៍ ខាងមុខ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
