វិនិយោគិនម្នាក់៖ ចង់វិនិយោគលើវិស័យកសិកម្មជោគជ័យ ត្រូវសម្លឹង​ទៅទីផ្សារអន្តរជាតិ និងដាំដំណាំផ្តល់ផល​រយៈពេលខ្លី

កំពង់ចាម៖អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រុមហ៊ុន ឡុង ស្រេង ដែលមានពិសោធន៍ក្នុងការ​វិនិយោគ​លើដំណាំកៅស៊ូ ដំណាំ​ចេក និងទុរេន រួមនិងរោងចក្រឧហ្សាហកម្មមួយចំនួនស្ថិតនៅស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បានចែករំលែកបទពិសោធន៍ទៅកាន់​អ្នក​ចង់វិនិយោគលើវិស័យកសិកម្មថា មុនវិនិយោគ​ គួរតែសិក្សាឱ្យ​បានស៊ី​ជម្រៅ ហើយត្រូវសម្លឹងមើលទីផ្សារអន្តរជាតិជាមុនសិន និងដាំដំណាំ​ណាដែលមានតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ ហើយ ដំណាំនោះ​ដាំរយៈពេលខ្លីទទួលបានផលត្រឡប់មកវិញឆាប់។

ប្រាប់ក្រុមអ្នកកាសែតដែលរៀបចំដោយក្លិបអ្នកាសែតកម្ពុជាកាលពីចុងសប្ដាហ៍នេះអ្នកឧកញ៉ា បានអធិប្បាយលើ​ចំណុច​ដែលលោកបាន​ចែករំលែកខាងលើថា ការដាំដំណាំដែលហុចផលត្រឡប់មកវិញលឿន គឺជាផលល្អវិជ្ជមាន​សម្រាប់អ្នកវិនិយោគដំណាំកសិកម្ម ។មានន័យថា យើងអាចប្រមូលទុនត្រឡប់មកវិញជាបណ្តើរៗ ។ជួយមិន​ឱ្យយើង​កប់ដើម។

អ្នកឧកញ៉ាមានបទពិសោធន៍ជាង២០ឆ្នាំវិនិយោគលើវិស័យកសិកម្មរូបនេះ បានពន្យល់ទៀតថា ដំណាំកសិកម្មគឺ​ជាកាំបិតមុខពីរប្រសិនបើខ្វះ​បច្ចេកទេស និងមិនមានទីផ្សារច្បាស់លាស់និង​ធ្វើឱ្យអ្នកវិនិយោគ​លើ​ការ​ដាំ​ដុះកសិកម្ម​មិនជោគជ័យ និងក្ស័យធន។

ទោះជាដូចនេះក្តី អ្នកឧកញ៉ាក៏បានអំពាវនាវដល់អ្នកមានលុយ​នៅ​កម្ពុជា​ងាកសម្លឹងមកវិនិយោគលើដំណាំកសិកម្ម ដើម្បីជួយលើកកម្ពស់​សេដ្ឋកិច្ចប្រទេស ព្រោះបច្ចុប្បន្នការវិនិយោគលើវិស័យកសិកម្មមាន​ឱកាស​ចំណេញខ្ពស់ ដោយសារតែដីមានច្រើន និងមានតម្លៃ​ទាបនៅ​ឡើយ។ការជ្រើសរើសមកវិនិយោគលើវិស័យកសិកម្ម គឺជួយផ្តល់​ឱកាស​ការងារជូនប្រជាពលរដ្ឋនៅក្នុងមូលរដ្ឋាន និងក្នុងស្រុក។ ជួយកាត់បន្ថយការធ្វើចំណាក​ស្រុករបស់​ប្រជាពលរដ្ឋខ្មែរ​ទៅធ្វើការ​ក្រៅប្រទេស។

សូមជម្រាបថា អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយក ក្រុមហ៊ុន ឡុង ស្រេង បាននិងកំពុងគ្រប់គ្រង​លើក្រុម​ហ៊ុនជាច្រើន ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ ចាម ក្នុងនេះមានរោងចក្រផលិតកៅស៊ូក្រែប រោងចក្រផលិតក្រដាស​វេចខ្ចប់ រោងចក្រផលិតជីធម្មជាតិ និងជាម្ចាស់​ចម្ការ​ដំណាំសក្កានុពលជាច្រើនមានដូចជា ទុរេន ចេក ម្នាស់ និង​មង្ឃុត​ជាដើម លើផ្ទៃដីជិតមួយម៉ឺនហិកតា និងបង្កើតការងារជូន​ប្រជាពលរដ្ឋជាង៦ ០០០នាក់ ៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner