មន្ត្រីពន្ធនាគារខេត្តកំពង់ចាម ទទួលបានការពិគ្រោះ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ
កំពង់ចាម៖កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម បានសហការជាមួយមន្ទីរសម្រាកព្យាបាល ស្គន់ បានរៀបចំការពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃជូនមន្ត្រីពន្ធនាគារខេត្តកំពង់ចាមចំនួន ១២៣នាក់ ស្ថិតនៅពន្ធនាគារខេត្តកំពង់ចាម ។

សកម្មភាពដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាមបានប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខា និងឧត្តមអាគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត ហួន សំអាត ប្រធានមន្ទីរសម្រាកព្យាបាល ស្គន់ និងក្រុមការងារ

សូមជម្រាបថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ដោយបានពិនិត្យ ពិគ្រោះ និងផ្តល់វ៉ែនតាចំនួន៩៦នាក់។ ដោយឡែកអ្នកដែលមានអាការៈជំងឺភ្នែកធ្ងន់ធ្ងរ ដែលត្រូវធ្វើការវះកាត់ ក្រុមការងារបានចេញបង្កាន់ដៃជូនដើម្បីអញ្ជើញទៅវះកាត់ និងព្យាបាល នៅមន្ទីរសម្រាកព្យាបាល ស្គន់ ដោយឥតគិតថ្លៃ ដោយបង្កាន់ដៃមានសុពលភាពរយៈពេល ៣០ថ្ងៃ៕
ដោយ៖លី ពៅ


