សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំព្រួយបារម្ភរឿងបញ្ហាព្រំដែនបន្តិចបន្ដួចរវាងកម្ពុជាជាមួយថៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ដល់វិនិយោគិនជាតិ និងអន្តរជាតិ កុំមានការព្រួយបារម្ភអំពីបញ្ហាព្រំដែនបន្តិចបន្ដួចរវាងកម្ពុជាជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជាដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។ ការថ្លែងរបស់សម្តេចធិបតីក្នុងជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាអាហារសាមគ្គី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់។
សម្តេចធិបតីបានលើកឡើងថា ទន្ទឹមនឹងការរក្សាសន្តិភាព និងស្ថេរភាពសង្គម រាជរដ្ឋាភិបាលនិងបន្តខិតខំយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាយ៉ាងសកម្ម និងប្រសិទ្ធភាព។ សង្ឃឹមថាអ្នកវិនិយោគនឹងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលនិងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។
សម្តេចធុបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំពង្រឹងបរិយាកាសល្អដើម្បីធានាបាននូវស្ថេរភាពនិងលំនឹងនូវការវិនិយោគរបស់អ្នកវិនិយោគនិងការពារផលប្រយោជន៍ផ្សេងៗរបស់របស់អ្នកវិនិយោគក្នុងនឹងក្រៅប្រទេស។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស





