ឯកឧត្តម ប៉ែន បូណា៖ សូមកុំខំលាបពណ៌កម្ពុជា ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជា គឺជាកូនល្អរបស់ពិភពលោក ពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។
ឯកឧត្តមបន្តថា ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែជារឿងឥតប្រយោជន៍ទេ ពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។ សូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា៕
ដោយ៖ពលជ័យ

