សម្ដេចតេជោ ហ៊ុន សែន ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល​ពិចារណា​​គួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេស​ថៃ

ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២៥ បានសរសេរយ៉ាងដូច្នេះថា ក្នុងនាមជាប្រធាន​គណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ពិចារណា និងម្ចាស់ការជាមុនដោយបង្វែរការទិញ​ទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះ​មុខប្រសិនច្រកទ្វារព្រំដែន​មិនទាន់កែ​សម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿង​ស្រវឹង ភេសជៈប៉ូវកម្លាំង​គ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិត ផលក្នុងស្រុក ឬផលិតផលនាំចូលពី​ប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឱ្យឆ្ងាយ លើសពីព្រំដែន​កម្ពុជា និងលើសពី​ឆ្នាំ២០៣០។

សំណេររបស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពីអ្វីដែលសម្ដេច​លើកឡើងថា “ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយជូន​យោបល់​ទៅរាជរដ្ឋាភិបាលថៃថាឱ្យ​​ឈប់​លក់ប្រេងឱ្យកម្ពុជា ដែលនឹង​ធ្វើឱ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នក​វិញថា យើងមិន​ស្លាប់ដោយសារ​មិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់​គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ”។

សំណេរដដែលសម្ដេចតេជោបានលើកជាសំណួរថា ” តើអ្នកចង់​ឱ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូម​ឱ្យអ្នកធ្វើ​តាមបំណងចុះ”។សម្ដេច​តេជោបន្តថា សម្រាប់កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់ដើម្បីដោះស្រាយស្ថាន​ភាពដែល​ពួកអ្នកគំរាម​រួចហើយ អ៊ីនធឺណិត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេង​ធ្វើ​ជាអាវុធប្រឆាំងយើងទៀត។បញ្ហាពលករ​ពេលមុន ពួកអ្នក​មើល​ងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជា​ចំណាប់​ខ្មាំងផង និងគំរាមយើងផង តែពេល​ដែល​យើងប្រកាស​ទទួល​យកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួង​លោម​ពលករ ព្រោះបើពលករខ្មែរ​ចាកចេញរោងចក្រ​កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំង​ពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នក​បណ្តេញ​ពលករខ្មែរ​សាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ច​ថៃខ្លះទេ?។

សម្ដេចតេជោបានបន្ថែមដោយពន្យុះថា “ប្រេងក៏ដូចគ្នាសូមសាក​ល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែង​វា​ងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឱ្យក្រុមហ៊ុនប្រេងរបស់ថៃទៅទិញ​ប្រេង​ពី​ប្រទេសផ្សេងមក​លក់នៅកម្ពុជា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner