ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញសួរសុខទុក្ខកងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
បាត់ដំបង៖គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ក្នុងចំនួនដ៏ច្រើននិងថវិកាជាដើម ត្រូវបាននាំយកទៅប្រគល់ជូនកងទ័ពកម្ពុជាចំណុះយោធភូមិភាគទី៥ កំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្នុងដំណើរអញ្ជើញសាក សួរសុខទុក្ខដោយផ្ទាល់ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

ដោយដឹកនាំគណៈប្រតិភូក្នុងវិស័យយុត្តិធម៌ផងនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែងកោតសរសើរចំពោះវីរៈកងទ័ពកម្ពុជាទាំងអស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុត និងអង់អាចក្លាហាន។ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារនូវបូរណភាពទឹកដី និង អធិបតេយ្យជាតិកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រនិងជួយជ្រោមជ្រែងសមរភូមិមុខ ពីសំណាក់សមរភូមិក្រោយក្នុងស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សំដៅការពារឱ្យបាននូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ជូនគណៈប្រតិភូថា នាយទាហាន នាយទាហានរង និង ពលទាហាន នៃ កងយោធពលខេមរភូមិន្ទទាំងអស់ ប្តេជ្ញាចិត្តរួចជាស្រេច ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមិនឱ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងហ៊ានលះបង់ គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

