កម្ពុជាប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១១ ក្រោមប្រធានបទ “យោគៈសម្រាប់ផែនដីតែមួយ សុខភាពតែមួយ”
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំទិវាយោគៈអន្តរជាតិលើកទី១១ ក្រោមប្រធានបទ “យោគៈសម្រាប់ផែនដីតែមួយ សុខភាពតែមួយ” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា និងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

ថ្លែងបើកកម្មវិធីនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា តែងតែបានរៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិនៅតាមទីតាំងចំនួនបួន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ នៅឆ្នាំ២០២៥ នេះ យើងរៀបចំតែនៅខេត្តសៀមរាប និងរាជធានីភ្នំពេញប៉ុណ្ណោះ។ ដោយសារតែចំព្រឹត្តិការណ៍នេះមានការបង្រៀនពីរបៀបហាត់ប្រាណដ៏ល្អបំផុតនោះ ទើបចំនួនអ្នកចូលរួមមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម ហួត ហាក់ បន្តថា ការរៀបចំនូវព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ លើកទី១១៥ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ឥណ្ឌា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា និងឥណ្ឌា ក្នុងក្របខណ្ឌនៃ យុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ឆ្នាំ២០២៤” យើងនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសយើងទាំងពីរ ដែលនឹងចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។

ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា ការប្រារព្ធទិវាយោគៈលើកទី១១ នេះពុំត្រឹមតែបានចូលរួមក្នុងលើកកម្ពស់គុណប្រយោជន៍សុខភាពដែលកើតចេញពីការហាត់យោគៈ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈសកល និងក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៥ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា» ពិសេសគឺការផ្សព្វផ្សាយឱ្យទូលំទូលាយពីផលិតផលទេសចរណ៍សុខុមាលភាពដែលកម្ពុជាបានផ្តល់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយគុណភាព និងគួរជាទីពេញចិត្ត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមថា មូលបទសម្រាប់យោគៈឆ្នាំនេះ “យោគៈសម្រាប់ផែនដីតែមួយ សុខភាពតែមួយ” បានបង្ហាញពីការពិតមួយថា សុខភាពមនុស្សម្នាក់ៗ និង ផែនដីមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យោគៈពង្រឹងរាងកាយធ្វើឱ្យចិត្តស្ងប់ និងជំរុញការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងជីវិតប្រចាំថ្ងៃ។ ការយល់ត្រូវ(សម្មាទិដ្ឋិ)នេះ ធ្វើឱ្យយើងម្នាក់ៗជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អ និងប្រកបដោយនិរន្តរភាពជាងមុន៕ អត្ថបទ ៖ ឈឹម ទីណា
