អ៊ីរ៉ង់ចរចាជាមួយអាមេរិក លុះត្រាតែអ៊ីស្រាអែលឈប់ឈ្លានពាន
បរទេស៖ អ៊ីរ៉ង់ចង់បន្តកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែ លុះត្រាតែ ការឈ្លានពានរបស់អ៊ីស្រាអែលត្រូវបញ្ឈប់ ជាមុនសិន។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអះអាងបែបនេះ កាលពីថ្ងៃសុក្រ ពោលគឺបន្ទាប់ពីមួយថ្ងៃដែលមានកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងហ្សឺណែវ រវាងរដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប និង ភាគីអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi មានប្រសាសន៍ថា ទីក្រុងតេអេរ៉ង់នឹងពិចារណាឡើងវិញ នូវការចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាប់គាំង ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល។ លោកបន្តថា ការចរចានឹងមាន នៅពេលដែលការឈ្លានពានត្រូវបានបញ្ឈប់ ហើយអ្នកឈ្លានពាន ត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្ត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់មានពេលពីរសប្តាហ៍ ដើម្បីជៀសវាង ការវាយប្រហារតាមអាកាស របស់អាមេរិក ដែលអាចធ្វើទៅបាន បើមិនព្រមចរចា។ ការបំផ្ទុះជាបន្តបន្ទាប់ ត្រូវបានឮ នៅក្នុងទីក្រុងតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ខណៈដែលអ៊ីស្រាអែល បន្តវាយប្រហារ ជាអ្វីដែលខ្លួន អះអាងថា មានគោលបំណងបញ្ឈប់អ៊ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែ ទីក្រុងតេអេរ៉ង់ តែងបានបដិសេធ ពីរឿងនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត