សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  អញ្ជើញ ផ្តល់ភ្លើងបូជាសព អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី

(ភ្នំពេញ)៖ ស្ថិតក្នុងសេចក្តីទុក្ខសោកសង្រេងស្តាយស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ជាទីគោរពស្រឡាញ់ស្មើជីវិតរបស់ស្វាមី កូន ចៅ ចៅទួត ទាំងអស់គ្នា ដែលបានរំលាយខន្ធទៅកាន់បរលោក កាលពីថ្ងៃពុធ ៨រោច ខែជេស្ន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ នៅផ្ទះលេខ៤៩-៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រុមគ្រួសារព្រមទាំងសាច់ញាតិបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈកាលបីយប់ គម្រប់បួនថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី រៀងរាល់ថ្ងៃតាំងពីថ្ងៃដែល អគ្គមហាឧបាសិកា បានធ្វើមរណកាល។

រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ន ឆ្នាំម្សាញ់ សប្តសក័ ព.ស.២៥៦៩ ថ្ងៃទី២១ ខែមិថុនា  ឆ្នាំ២០២៥ សព អគ្គមហាឧបាសិកា ង៉ូន សូហ្វី បានរៀបចំពិធីបូជាសព នៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

ពិធីបូជាសពត្រូវបានប្រព្រឹត្តទៅក្រោមទិដ្ឋភាពនៃក្តីសង្វេគក្រៀមក្រំស្តាយស្រណោះអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារសាច់សារលោហិត យ៉ាងខ្ជាប់ខ្ជួនឥតមានធ្វេសប្រហែស ដោយសេចក្ដីកតញ្ញូកតវេទីដ៏ជ្រាលជ្រៅជាទីបំផុត ។ 

ការទទួលមរណភាពរបស់ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី គឺជាការបាត់បង់ដ៏ធំធេងនូវភរិយាជាទីស្រលាញ់ ជាអ្នកមានគុណ ជាម្ដាយ ម្ដាយក្មេក ជីដូន ជីទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាចំពោះក្រុមគ្រួសារ ដោយកន្លងមកមួយឆាកជីវិតរបស់ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី បានខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានកូនៗ រហូតបានក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាង លើកស្ទួយវិស័យអាណាចក្រ និងពុទ្ធចក្រក្នុងសង្គមជាតិយើង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner