លោក ពូទីន ថាមិនចង់ធ្វើជាអ្នកសម្រុះសម្រួលសង្គ្រាមអ៊ីរ៉ង់

បរទេស៖ មេដឹកនាំប្រទេសរុស្ស៊ី លោក ពូទីន បានប្រកាសបដិសេធ លើការព្យាយាម ធ្វើជាអ្នកសម្រុះសម្រួល ក្នុងសង្គ្រាម អ៊ីរ៉ង់ និងអ៊ីស្រាអែល។

នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិមួយ នៅរុស្ស៊ី កាលពីថ្ងៃសុក្រ លោក ប្រធានាធិបតី Vladimir Putin បាននិយាយថា លោកមិនស្វែងរក ការធ្វើជាអ្នកសម្រុះសម្រួល រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលទេ ហើយគ្រាន់តែផ្តល់យោបល់ អំពីរបៀបដែលប្រទេសនានា អាចដោះស្រាយវិបត្តិ ដែលកំពុងកើនឡើង។

ការប្រកាសបដិសេធនេះ បានធ្វើឡើង ក្រោយពេលដែលគេដឹងថា វិមានក្រឹមឡាំង បានចំណាយពេល ប៉ុន្មានថ្ងៃនេះ ចង់ដាក់ទីក្រុងម៉ូស្គូ ជាអ្នកបង្កើតសន្តិភាព ដ៏មានសក្តានុពល បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានសងសឹកវិញ ដោយការបាញ់មីស៊ីល និងបញ្ជាយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារលើអ៊ីស្រាអែល។

លោក ពូទីន បាននិយាយថា «យើងមិនស្វែងរក ការធ្វើសកម្មភាព ជាអ្នកសម្រុះសម្រួលទេ យើងគ្រាន់តែផ្តល់យោបល់…ប្រសិនបើពួកគេប្រែក្លាយ ទៅជាភាពទាក់ទាញ សម្រាប់ភាគីទាំងសងខាង យើងនឹងមានតែភាពសប្បាយរីករាយ»។

ទីក្រុងម៉ូស្គូ បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល តែ រុស្ស៊ីមិនបានផ្តល់ជំនួយផ្នែកយោធា ដល់អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ មកដល់ពេលនេះ ខណៈប្រទេសទាំងពីរ មានកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ធំទូលាយ ដែលបានចុះហត្ថលេខា កាលពីប៉ុន្មានខែមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner