Trump មើលស្រាលអឺរ៉ុបថា គ្មានលទ្ធភាពបញ្ចប់សង្គ្រាមអ៊ីរ៉ង់
បរទេស៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃសុក្រ បង្ហាញពីការមើលស្រាលថា អឺរ៉ុបទំនងគ្មានលទ្ធភាព ក្នុងការបញ្ចប់សង្គ្រាម អ៊ីរ៉ង់ និងអ៊ីស្រាអែល នោះទេ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា មហាអំណាចអឺរ៉ុប នឹងមិនអាចជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល បានទេ បន្ទាប់ពីអ្នកការទូតកំពូល របស់អង់គ្លេស អាល្លឺម៉ង់ បារាំង និង សហភាពអឺរ៉ុប ទើបបានជួបមន្ត្រីអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅពេលទៅដល់តំបន់ Morristown រដ្ឋ New Jersey ថា «អ៊ីរ៉ង់មិនចង់និយាយ ទៅកាន់អឺរ៉ុបទេ… ពួកគេចង់និយាយជាមួយយើង… អឺរ៉ុបនឹងមិនអាចជួយ ក្នុងរឿងនេះទេ»។
មហាអំណាចអឺរ៉ុប កាលពីថ្ងៃសុក្រ បានជំរុញឱ្យអ៊ីរ៉ង់ស្តារកិច្ចខិតខំប្រឹងប្រែងការទូត ជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការប្រឈមមុខនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែ ទីក្រុងតេអេរ៉ង់បានព្រមានថា ខ្លួនអាចពិចារណាការទូតបាន លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក លើសាធារណរដ្ឋអ៊ីស្លាម មួយនេះ។
អ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្នុងបំណងបញ្ឈប់ទីក្រុងតេអេរ៉ង់ពីការទទួលបានគ្រាប់បែកបរមាណូ ជាមហិច្ឆតាដែលអ៊ីរ៉ង់ តែងតែបដិសេធ។ អ៊ីរ៉ង់ក៏បានឆ្លើយតបនឹងការវាយប្រហារ លើអ៊ីស្រាអែល វិញដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
