អ៊ីស្រាអែលវាយទប់ស្កាត់ លើសម្ព័ន្ធរបស់អ៊ីរ៉ង់ជាមុន
បរទេស ៖ ខណៈកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ឈានដល់ថ្ងៃទី៨ អ៊ីស្រាអែលបានបើកការវាយប្រហារសម្ព័ន្ធមិត្ត របស់សាធារណរដ្ឋឥស្លាម មួយនេះ ជាមុន គឺ ពួក ហេសបូឡាស នៅក្នុងប្រទេសលីបង់។
ក្រសួងសុខាភិបាល ប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើ លីបង់ភាគខាងត្បូង បានសម្លាប់មនុស្សម្នាក់ កាលពីថ្ងៃសុក្រ ខណៈដែលអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់សមាជិក នៃក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។
ការវាយប្រហារនេះ បានកើតឡើង ក្រោយពេលក្រុមនេះ ទើបប្រកាសថា នឹងជួយអ៊ីរ៉ង់ ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល។ យ៉ាងណាមិញ អ៊ីស្រាអែលធ្លាប់អះអាងថា ខ្លួននឹងបន្តការវាយប្រហារ លើប្រទេសលីបង់ រហូតដល់ក្រុម Hezbollah ត្រូវបានរំសាយអាវុធពេញលេញ។
ខណៈដែលសង្រ្គាម របស់អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៨ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានក្រុម Hezbollah ឱ្យជៀសចេញ ពីជម្លោះនេះ។
បេសកជនពិសេស របស់សហរដ្ឋអាមេរិកនៅស៊ីរី ក៏ទើបនិយាយថា អន្តរាគមន៍ណាមួយរបស់ Hezbollah នឹងក្លាយជា “ការសម្រេចចិត្តដ៏អាក្រក់បំផុត”៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
