រដ្ឋបាលខេត្តពោធិ៍សាត់ទទួលថវិកាមួយចំនួន​សម្រាប់សាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរ​ពេទ្យបង្អែកខេត្ត និងសម្រាប់កិច្ចការសង្គម

ពោធិ៍សាត់៖រដ្ឋបាលខេត្តពោធិ៍សាត់បានទទួលថវិកាបរិច្ចាគរបស់សប្បុរសជនក្នុង -ក្រៅខេត្ត និងក្រៅប្រទេសចំនួន ៤៣ ១៥០ដុល្លារអាមេរិក និង ជាង៦,១លានរៀល ដែលជាគាំទ្រដល់ការសាងសង់អគារពហុព្យាបាល និងសង្គ្រោះ​បន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងរៀបចំបង្គោលភ្លើងសូឡាបំភ្លឺសាធារណៈ​តាមដងផ្លូវជាតិលេខ៥ក្នុង
ភូមិសាស្រ្ត​​ខេត្តពោធិ៍សាត់។

តាមរយៈជំនួបផ្ទាល់ជាមួយសប្បុរសជនក្នុង និងក្រៅប្រទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥​តាម​ប្រព័ន្ធ​វិដេអូឯកឧត្តម  ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនសប្បុរសជនក្នុង-ក្រៅខេត្ត និង​ក្រៅប្រទេស​អំពី​ដំណើរសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្ត និងការរៀបចំ​បង្គោលភ្លើង​សូឡា​បំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត​ខេត្តពោធិ៍សាត់ ចាប់ពីចំណុច​ព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូត​ដល់ព្រំប្រទល់ខេត្តបាត់ដំបង។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម  កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការ​វត្ត​ហង្សាបីតិ ហៅវត្តព្រែកស្តី  រួមទាំងរូបលោកផ្ទាល់។ ឯកឧត្តមបានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស នាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាការចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍខេត្ត ពិសេស​វិស័យសុខាភិបាលក្នុងខេត្តពោធិសាត់ឱ្យកាន់តែមានលក្ខណៈទំនើប និងស្រស់បំព្រង។

តាមរយៈជំនួបនេះឯកឧត្តមអភិបាលខេត្តបានទទួលថវិកាចូលរួមរបស់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស សរុបចំនួន ៤៣ ១៥០ដុល្លារ និង៦ ១៣០ ០០០រៀល៕
ដោយ៖ចេង ពុំ

ads banner