អាជ្ញាធរខេត្តពោធិ៍សាត់ចាប់ផ្តើមដាំកូនឈើលម្អនៅតាមដងផ្លូវរមណីយដ្ឋានភ្នំទំព័រ

ពោធិ៍សាត់៖ កូនឈើប្រភេទដើមក្ងោកចំនួន ៣០០ដើម ដែលស្ថានីយ​ផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលព្រៃឈើ​នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ ខេត្តពោធិ៍សាត់ ផ្តល់ឱ្យនោះត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្ត រួមជាមួយមន្រ្តីរដ្ឋបាលស្រុកវាលវែង កងកម្លាំង​ប្រដាប់​អាវុធទាំង៣ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ​និង​ប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវលំចូលទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំទំព័រ ក្នុងឃុំប្រមោយ  ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅចុង​សប្ដាហ៍​នេះ។

ដងផ្លូវដែលត្រូវដាំកូនឈើមានប្រវែងបីគីឡូម៉ែត្រកន្លះ ដើម្បីប្រែក្លាយ​តំបន់​នេះទៅជាតំបន់បៃតង និងសម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែលមកកម្សាន្ត។ការដាំកូនឈើដំបូង​ចំនួន៣០០ដើម​សិន។

ក្នុងឱកាសនេះឯកឧត្តម ខូយ រីដា បានលើកឡើងថា កន្លងមក​រដ្ឋបាលខេត្តបានបង្កើតចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើ​ជាច្រើនផ្សេងៗទៀតនៅទូទាំងខេត្ត ដោយបានបង្កើតជាចម្ការ នៅតាមទីសួនសាធារណៈ សាលារៀន វត្ដអារាម រមណីយដ្ឋាន ជាពិសេសអមសងខាងផ្លូវនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំ​ក្រវាញ ,ផ្លូវជាតិលេខ៥៥ត្រង់ចំណុចភ្នំ១៥០០ ឬហៅថាផ្លូវអន្ទង់អាំង, ផ្លូវបុផ្ផាលាក់ខ្លួន ដែលកំពុងមានការ​លូត​លាស់បានល្អមកហើយ តែយើងនៅតែមានមហិច្ឆតាធំ ​បន្តដាំ​ដើមឈើបន្ថែមទៀតឱ្យបានច្រើន​ទៅតាមអ្វីដែលអាចធ្វើទៅបាន៕
ដោយ៖ ចេង ពុំ

ads banner