អ៊ីស្រាអែលសន្យាធានាអាយុជីវិតជនជាតិរុស្ស៊ីដែលធ្វើការនៅរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
បរទេស៖ អ៊ីស្រាអែលបានប្រកាសធានាអាយុជីវិតក្រុមអ្នកជំនាញការរុស្ស៊ី ដែលកំពុងបំពេញការងារ នៅទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov អះអាងថា អ៊ីស្រាអែលសន្យាផ្តល់ព័ត៌មានជាប្រចាំដល់រុស្ស៊ី ជុំវិញដំណឹងអំពីជនជាតិរុស្ស៊ីដែលធ្វើការ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នាភាគខាងត្បូង ប្រទេសអ៊ីរ៉ង់។
លោកបានបញ្ជាក់ទៀតថា កាលពីថ្ងៃពុធ ប្រធានាធិបតី Vladimir Putin ទទួលបានការជូនដំណឹងពីភាគីអ៊ីស្រាអែល ទាក់ទងនឹងសុវត្ថិភាព របស់អ្នកឯកទេសរុស្ស៊ី ទាំងនោះ ដោយ ទីក្រុងម៉ូស្គូ បានឈានដល់កិច្ចព្រមព្រៀង ជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល រួចហើយ ជុំវិញរឿងនេះ។
យ៉ាងណាមិញ RT ពុំបានចុះផ្សាយថា មានអ្នកឯកទេសរុស្ស៊ី ប៉ុន្មាននាក់ ធ្វើការ នៅទីនោះទេ។ ប៉ុន្តែ បើតាម yahoo បានចេញផ្សាយ ដោយបានដកស្រង់សម្តី របស់លោក Putin បញ្ជាក់ឲ្យដឹងថា មានជនជាតិរុស្ស៊ី ជាង២០០នាក់ នៅតែបន្តធ្វើការ ក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ ថែមទាំងបាននិយាយថា កម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ នៅតែបន្តដំណើរការ នៅក្រោមដី ជាធម្មតា បើទោះបីជាមានការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអែល នាពេលថ្មីៗនេះ ក៏ដោយ។
គួរបញ្ជាក់ថា ភ្លាមៗ ក្រោយពេលអ៊ីស្រាអែល បើកការវាយប្រហារ លើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៊ី បានប្រកាសចាត់ទុកថា ជាសកម្មភាពបំពានច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែង ដល់ស្ថិរភាពពិភពលោក៕
ប្រភពពី RT, yahoo ប្រែសម្រួល៖ សារ៉ាត