មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញពិនិត្យស្ថានភាពនិងទីបញ្ជាការស្រាលដែនជម្រកសត្វព្រៃ ព្រៃឡង់
កំពង់ធំ៖ដោយមិនធ្វេសប្រហែស ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល នៅតំបន់អូរសោម និងពិនិត្យភូមិសាស្ត្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

អាន៖ ក្នុងសកម្មភាពកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ឡុង យេ មេបញ្ជាការរងផ្នែកសឹករងសណ្ដាន់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរសោម បញ្ជាក់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំថា បច្ចុប្បន្ន ការកាប់ទន្ទ្រានព្រៃយកដីធ្វើចម្ការ ,ការយកធ្វើជាកម្មសិទ្ធិ មិនមានកើតឡើងទៀតទេ។ផ្ទៃដីមួយចំនួនដែលបានលួចកាប់ទន្ទ្រាននៅបណ្ដាឆ្នាំកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះយាមល្បាតជាប្រចាំ ការពារមិនឱ្យមានការដាំដុះដំណាំអ្វីបានឡើយ ។បច្ចុប្បន្នដីដែលបានកាប់ទន្ទ្រានកន្លងមក ត្រូវបានព្រៃឈើធម្មជាតិ ដុះលូតលាស់ឡើងវិញហើយ ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ មិនថាភ្លៀង ផ្គរ ក្តៅ ត្រជាក់ ផ្លូវលំបាកធ្វើដំណើរ និងមធ្យោបាយសម្រាប់ធ្វើសកម្មភាពមិនគ្រប់គ្រាន់ក៏ដោយ។លើសពីនេះប្រឈមមុខជាមួយជនល្មើសមួយចំនួន តែកងកម្លាំងបានពុះពារ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ៕
ដោយ៖ ប៊ុន រដ្ឋា

