អ៊ីស្រាអែលសាទរក្រោយអាមេរិកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
បរទេស ៖ មេដឹកនាំអ៊ីស្រាអែល លោក Netanyahu បានថ្លែងសាទរ និងអរគុណដល់លោក Trump ដែលបានសម្រេចឲ្យអាមេរិកទម្លាក់គ្រាប់បែក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកបញ្ជាក់ថា ជា «ចំណុចរបត់ ប្រវត្តិសាស្ត្រ» នៅមជ្ឈិមបូព៌ា។
លោក Netanyahu បានថ្លែងថា «សូមអបអរសាទរ លោក Trump លើការសម្រេចចិត្ត ដ៏ក្លាហានរបស់អ្នក ដើម្បីកំណត់គោលដៅ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងផ្លាស់ប្តូរប្រវត្តិសាស្រ្ត»។
លោកបានបន្ថែមថា ប្រតិបត្តិការនេះ ធ្វើឡើងទាន់ពេលវេលា ដ៏សំខាន់ ហើយប្រវត្តិសាស្ត្រនឹងកត់ត្រាថា លោកប្រធានាធិបតី Trump បានធ្វើសកម្មភាព ដើម្បីបដិសេធរបបដ៏គ្រោះថ្នាក់បំផុត របស់ពិភពលោក ដែលជាអាវុធដ៏គ្រោះថ្នាក់បំផុត របស់ពិភពលោក ដោយលោកចង់សំដៅ លើអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែ អ៊ីរ៉ង់តែងតែបដិសេធថា ខ្លួនមិនបានផលិតទេ គឺជាកម្មវិធីបម្រើ ដល់វិស័យស៊ីវិល។
លោក ប្រធានាធិបតី Donald Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ដោយបញ្ចប់រយៈពេលនៃការពិភាក្សាមួយសប្តាហ៍ ជុំវិញការចូលរួម ក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងបានរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត