អង្គការសុខភាពពិភពលោក (WHO) បារម្ភខ្លាំងបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងកីឡាលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យ
(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្វខួបលើកទី១៣១នៃទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ WHO បានបង្ហាញថា មនុស្សពេញវ័យ ១ នាក់ក្នុងចំណោម ៤ នាក់ និង ៨០% នៃយុវជនមិនបានធ្វើលំហាត់ប្រាណ ឬលេងកីឡាឱ្យបានគ្រប់គ្រាន់តាមកម្រិតអប្បបរមា ដែលត្រូវការសម្រាប់ទទួលបានសុខភាពល្អនោះទេ។ បញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងកីឡាលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យគឺជាក្តីបារម្ភមួយសម្រាប់ពិភពលោកទាំងមូលលើបញ្ហាសុខភាព។ដូច្នោះហើយ ទើបគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានយកឱកាសនៃវេទិកាប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការ WHO ក្នុងការបំផុសស្មារតី ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់កុមារ និងយុវជន និង៤៥នាទី ក្នុង ១ថ្ងៃ សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោកឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព។
ប្រធាន NOCC គូសបញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នេះរៀបចំឡើងក្រោមមូលបទ «ធ្វើចលនាទាំងអស់គ្នា-Let’s Move» ជាមួយយុទ្ធនាការជាតិ យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដែលបានដាក់ចេញនៅក្នុងយុទ្ធបញ្ចកោណដំណាក់ទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ចលនាអូឡាំពិក គឺជាចលនាកីឡាទូទាំងពិភពលោក ក្នុងទិសដៅរួមចំណែកកសាងពិភពលោកប្រកបដោយសន្តិភាព និងកាន់តែស្រស់បំព្រង តាមរយៈកីឡាស្របតាមទស្សនវិជ្ជាអូឡាំពិក ។ ជាមួយគុណតម្លៃស្នូលទាំង ៣ រួមមាន៖ ឧត្តមភាព ការគោរព និងមិត្តភាព ។
ស្របជាមួយនឹងការលើកកម្ពស់ចលនាអូឡាំពិក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) តែងរៀបចំការប្រកួតកីឡាអូឡាំពិករៀងរាល់ ៤ឆ្នាំម្តង ដែលជាឱកាសក្នុងការនាំមនុស្សគ្រប់ជាតិសាសន៍មកពីជុំវិញពិភពលោក មកជួបជុំរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងសាមគ្គីភាព ដែលបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់ចលនាអូឡាំពិក ក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាព និងកាន់តែស្រស់បំព្រង។ សម្រាប់ការប្រារព្វខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នាពេលនេះ ក៏មានការចូលរួមពីអត្តពលិកអូឡាំពិក (Olympian) មួយចំនួនផងដែរ ដែលសិស្សានុសិស្ស និងអត្តពលិកទាំងអស់ទើបតែបានស្តាប់នូវការចែករំលែកអំពីឧត្តមានុវត្ត និងបទពិសោធន៍ល្អៗនូវការបំផុសស្មារតី និងការចងចាំ ដែលមិនអាចបំភ្លេចបានរបស់អត្តពលិកអូឡាំពិកក្នុងការចូលរួមការប្រកួតកីឡាអូឡាំពិកនៅក្នុងកម្មវិធី វេទិកាអត្តពលិកជាតិ ដែលបានធ្វើឡើងក្នុងថ្ងៃជាមួយគ្នានេះ។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងអត្តពលិក ទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិ «យុវជនម្នាក់ចេះកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត» ជាមួយនឹងការបំផុសចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជនថ្នាលប្រកបដោយគុណវុឌ្ឍិ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅកម្ពុជា៕
រូបភាពហ្វិកប្រភព NOCC
អត្ថបទ ៖ ជាវ ចន្ធូ







