ពួកហ៊ូទីចេញមុខជួយអ៊ីរ៉ង់ វាយប្រហារនាវាអាមេរិក

បរទេស ៖ ក្រុមប្រដាប់អាវុធ Huthis នៅប្រទេសយេម៉ែន បានចេញមុខការពារអ៊ីរ៉ង់ ហើយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារ លើការដឹកជញ្ជូនទំនិញ នៅសមុទ្រក្រហម រួមទាំង កប៉ាល់របស់អាមេរិក បន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក លើប្រទេសអ៊ីរ៉ង់។

ឧទ្ទាមមួយក្រុមនេះ កាលពីប៉ុន្មានខែមុន ធ្លាប់បានព្រមព្រៀង ជាមួយអាមេរិកថា ឈប់បាញ់នាវា បន្ទាប់ពីចរចាត្រូវរូវគ្នា ជាមួយរដ្ឋបាល លោក Trump។ ប៉ុន្តែ ពួកគេ បាននិយាយ កាលពីថ្ងៃអាទិត្យ ថា «ខ្លួនធ្លាប់បានប្រកាសហើយថា បើអាមេរិកហ៊ានវាយអ៊ីរ៉ង់ ខ្លួននឹងវាយប្រហារ នាវាអាមេរិក នៅក្នុងសមុទ្រក្រហម ឡើងវិញ»។

ក្រុមនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ថា «យើងបញ្ជាក់ពីការប្តេជ្ញាចិត្ត ត្រៀមខ្លួនជាស្រេច ដើម្បីកំណត់គោលដៅលើនាវាអាមេរិក និងនាវាចម្បាំង នៅក្នុងសមុទ្រក្រហម» ។

គេបានថ្កោលទោសការវាយប្រហារ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ហើយ បានបង្ហាញពីសាមគ្គីភាព ជាមួយប្រជាជនអ៊ីរ៉ង់។ ក្រុមដែលគេជឿថា មានអ៊ីរ៉ង់នៅពីក្រោយទាំងនេះ បានអះអាងទៀតថា «ការឈ្លានពាន ដោយមិនប្រុងប្រយ័ត្ន របស់រដ្ឋបាល Trump ប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី គឺជាការប្រកាសសង្រ្គាម ដោយឥតលាក់លៀម ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ជាបងប្អូនយើង… យើងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រជាជនអ៊ីរ៉ង់»

គួររម្លឹកថា អាមេរិកបានបញ្ជាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បើទោះបីជាខ្លួនធ្លាប់អះអាងថា ទុកពេល ២សប្តាហ៍ ឲ្យអ៊ីរ៉ង់ ចូលតុចរចា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារយ៉ាងចាស់ដៃ កាលពីថ្ងៃទី១៣ ខែមិថុនា ក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner