ប្រមុខ UN ថា អាមេរិកវាយអ៊ីរ៉ង់ ប្រៀបដូចបំផ្លាញសន្តិភាពពិភពលោក

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយថា ការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ និង ការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។

ការអះអាងបែបនេះរបស់លោក Guterres ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រើកងកម្លាំងយោធាទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី គឺ Fordow, Natanz និង Esfahan ហើយបានព្រមានអំពីការវាយប្រហារបន្ថែមទៀត ដែលនឹងកើតឡើង ប្រសិនបើទីក្រុងតេហេរ៉ង់ មិនស្វែងរកសន្តិភាពឲ្យបានលឿនទេ។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ការដែលអាមេរិកប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង។

លោកព្រមានថា ហានិភ័យកំពុងលេចឡើង ដែលថា ជម្លោះនេះ នឹងមិនអាចគ្រប់គ្រងបានឆាប់រហ័ស ពិសេសវានឹងនាំមកនូវផលវិបាកដ៏មហន្តរាយសម្រាប់ជនស៊ីវិល ទាំងក្នុងតំបន់ និងពិភពលោក។

ដូច្នេះក្នុងនាមប្រមុខដឹកនាំយូអិន លោក Guterres បានអំពាវនាវឱ្យរដ្ឋជាសមាជិកស្ថាប័នពិភពលោកនេះទាំងអស់ រក្សាកាតព្វកិច្ចរបស់ពួកគេ ស្ថិតក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃទៀត។

លោកថា ក្នុងពេលវេលាដ៏គ្រោះថ្នាក់នេះ វាមានសារៈសំខាន់ណាស់ ក្នុងការបញ្ចៀសភាពចលាចល ហើយមិនមែនប្រើកម្លាំងយោធាយកមកដោះស្រាយទេ… ផ្លូវឆ្ពោះទៅមុខតែមួយគត់ គឺការទូត ដែលជាក្តីសង្ឃឹមតែមួយគត់សម្រាប់សន្តិភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner