សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ធ្វើចលនាជាតិនិយម គឺដើម្បីការពារ បូរណភាពទឹកដីតែប៉ុណ្ណោះ

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ហេតុដែលធ្វើឲ្យកម្ពុជា ឆ្លើយតប គឺដោយសារមានការបញ្ឆេះស្មារតីជាតិនិយមរបស់ប្រទេសថៃ ខណៈកម្ពុជា ធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។ កម្ពុជា មិនឈ្លានពានប្រទេសណានោះទេ ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីដុតប្រទេសនោះទេ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។

សម្តេចធិបតី បានថ្លែងថា ថៃប្រើស្មារតីជាតិនិយម ៣ចំណុច ដើម្បីនយោបាយរបស់ខ្លួន ទី១ បំផុសស្មារតីជាតិនិយម ពីបញ្ហាព្រំដែន, ទី២ ស្មារតីជាតិនិយមសេដ្ឋកិច្ច និងទី៣ ស្មារតីជាតិនិយមដោយប្រើយោធា ។ សម្តេច ថា ស្មារតីជាតិនិយមរបស់ថៃ បង្កបញ្ឆេះទំនាស់ព្រំដែន បានហៀរមកដល់ប្រទេសកម្ពុជា ដែលស្មារតីជាតិនិយមរបស់កម្ពុជា ត្រូវតែកើតមានឡើងដែរ ដោយក្ដីឈឺចាប់ ដើម្បីទប់ទល់ ។ កុំយកបញ្ហាក្នុងប្រទេសថៃ មកពាក់ព័ន្ធជាមួយកម្ពុជា ។ កម្ពុជា មានការអត់ធ្មត់ ដោយចង់ស្វែងរកសន្តិភាព រវាងប្រទេសជិតខាង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដើមចមនៃស្មាតីជាតិនិយមកម្ពុជា មិនមែនកើតឡើង ដោយសារកម្ពុជា បំផុសដើម្បីយកទៅវាយអ្នកណា ដើម្បីចំណេញនយោបាយផ្ទៃក្នុងនោះទេ ប៉ុន្តែដោយសារកត្តាខាងក្រៅ ពោល គឺ ប្រទេសមួយ អ្នកនយោបាយមួយ ចង់ចំណេញនយោបាយខ្លួនឯង បំផុសនយោបាយផ្ទៃក្នុងខ្លួនឯង ហើយយកកម្ពុជា ធ្វើជាបាវសាក់ ។ នេះហើយធ្វើឱ្យជាតិខ្មែររបស់យើង ត្រូវឆ្លើយតបទៅវិញ ដែលនេះជាស្មារតីដុតបញ្ឆេះ ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្វីដែលយើងធ្វើ គ្រាន់តែបំពេញភារកិច្ចរបស់យើង ដឹកនាំប្រទេសមួយ ដាក់ចេញគោលនយោបាយប្រទេសមួយ គោលដៅវិធានការប្រទេសមួយ ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងដើម្បីការពារផលប្រយោជន៍ និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ នេះហើយស្មារតីជាតិនិយម ហើយកម្ពុជា មិនបានឈ្លានពានប្រទេសណានោះទេ ពោល គឺ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីដុតប្រទេសនោះទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner