កម្ពុជា-កូរ៉េ សហការគ្នាត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េប្រចាំឆ្នាំ២០២៥

(ភ្នំពេញ)៖ កម្ពុជា និងកូរ៉េ បានព្រមព្រៀងសហការគ្នារៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េ ប្រចាំឆ្នាំ២០២៥ ត្រៀមធ្វើឡើងនៅកម្ពុជា នាពេលខាងមុខនេះ ក្រោមកិច្ចសហកិច្ចដោយផ្ទាល់របស់សមាគមជំនាញសុខភាពនិងសម្រស់អន្តរជាតិ ប្រទេសកូរ៉េ (I.H.B.A) និង សមាគមជាងសក់និងសម្អាងកម្ពុជា បូករួមជាមួយការជួយជ្រោមជ្រែងនិងដឹកនាំពីក្រុមហ៊ុនខ្មែរ ផៅវ័រ ឡាយ អិនធើណេសិនណល ដោយប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។

លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក អគ្គនាយកក្រុមហ៊ុន ផៅវ័រ ឡាយ អិនធើណេសិនណល បានថ្លែងឱ្យដឹងថា ការចុះអនុស្សរណៈនៃយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលបង្ហាញពីការសហការយ៉ាងជ្រាលជ្រៅរវាងកម្ពុជា និងកូរ៉េ ក្នុងគោលបំណងជំរុញឱ្យវិស័យសម្រស់ និងសិល្បៈផ្នែករូបសម្រស់ កាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា ។

កម្មវិធីប្រកួតប្រជែងរចនារូបសម្រស់ នាខែធ្នូឆ្នាំ២០២៥ខាងមុខនេះ នឹងក្លាយជាវេទិកាដ៏សំខាន់និងធំជាងគេងនៅកម្ពុជា សម្រាប់ការបង្ហាញសមត្ថភាពរបស់អ្នកមានជំនាញវិជ្ជាជីវៈក្នុងវិស័យសម្រស់នៅកម្ពុជា ហើយវាគឺជាឱកាសដ៏ល្អសម្រាប់ យុវជន ឬអ្នកស្រលាញ់អាជីពផ្នែកកែសម្ភស្ស និងរចនាតុបតែងកាយទាំងអស់នៅកម្ពុជា ។

លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក បានគូសបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាវេទិការដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសទំនើបៗក្នុងវិស័យសម្រស់ រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ។ កម្ពុជាជឿជាក់ថា កិច្ចសហការនេះ នឹង ជួយអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញខ្មែរ អាចប្រកួតប្រជែងបានជាមួយបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិ ។

លោកស្រី វ៉ុន វ៉ូយ៉ាំង ប្រធានសមាគមជំនាញសុខភាពនិង សម្រស់អន្តរជាតិ ប្រទេសកូរ៉េ បានថ្លែងផងដែរថា ការចុះអនុស្សរណៈនៃយោគយល់នេះ បង្ហាញពីការសហការយ៉ាងជ្រាលជ្រៅរវាងកម្ពុជា និងកូរ៉េ ក្នុងគោលបំណងជំរុញ និង លើកស្ទួយវិស័យសម្រស់ និង សិល្បៈផ្នែករចនាសម្រស់ (តុបតែងកាយ) កាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពជឿនលឿនជាងមុន និងឱ្យដូចប្រទេសកូរ៉េស ដូចគ្នា ។ កម្មវិធីប្រកួតប្រជែងផ្នែករចនារូបសម្រស់នាថ្ងៃមុខនេះ (ខែធ្នូ ឆ្នាំ២០២៥) នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ការបង្ហាញសមត្ថភាពរបស់អ្នកមានជំនាញវិជ្ជាជីវៈ ក្នុងវិស័យសម្រស់។ វាគឺជាឱកាសដ៏ល្អ សម្រាប់យុវជន ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ បង្កើនការច្នៃប្រឌិត និងសេវាកម្មថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនក្នុងទីផ្សារកម្ពុជាកំពុងមានសន្ទុះតម្រូវការខ្ពស់។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ECON Group បានថ្លែងក្នុងឱកាសនោះថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃយោគយល់នេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍វិស័យសម្រស់ និងសេដ្ឋកិច្ចវប្បធម៌របស់ប្រទេសទាំងពីរ តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែងផ្នែករចនារូបសម្រស់ ព្រមទាំងមានក្រុមហ៊ុនដែលពាក់ព័ន្ធមកចូលរួមតាំងពិព័ណផលិផល សេវាកម្ម ជាច្រើនទៀតផងដែរ ។ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង ក្រុមហ៊ុនផៅវ័រ ឡាយ អិនធើណេសិនណល, សមាគមជំនាញសុខភាព និងសម្រស់អន្តរជាតិ (កូរ៉េ) និងសមគមជាងកាត់សក់ និងសម្អាងកម្ពុជា ដើម្បីជួយឱ្យវិស័យថែរក្សាសម្រស់នៅកម្ពុជាកាន់តែរីកចំរើន”។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានអះអាងថា កម្ពុជាត្រូវការបង្កើនជំនាញ និងសមត្ថភាពបន្ថែមពីបច្ចេកវិទ្យាទំនើបដែលកំពុងពេញនិយម ពីប្រទេសជឿនលឿនសម្រាប់យុវជនស្រលាញ់វិស័យថែរក្សាសម្រស់នេះ ហើយប្រទេសកូរ៉េ គឺពេញនិយមខ្លាំងលើការបង្ហាញភាពទាក់ទាញផ្នែកសម្រស់ដូចជា ការកាត់សក់ ធ្វើក្រចក ផាត់មុខ ការថែរក្សាស្បែក ការពុតរោមភ្នែក និង សិល្បៈសាក់លើដងខ្លួន។

សូមជម្រាបជូនបន្ថែមថា កម្មវិធី ចុះអនុស្សរណៈនៃការយោគយល់រវាង សមាគមជំនាញសុខភាព និង សម្រស់អន្តរជាតិប្រទេសកូរ៉េ, ក្រុមហ៊ុនផៅវ័ ឡាយ អិនធើណេសិនណល អេជេនស៊ី, និង សមគមជាងកាត់សក់និងសម្អាងកម្ពុជា មានគោលបំណងរៀបចំកម្មវិធីប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េ ប្រចាំឆ្នាំ២០២៥ (Korea Beauty Contest 2025) ដែលកម្មវិធីប្រកួតប្រជែងនេះ នឹងធ្វើនា ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ ការកាត់សក់ ធ្វើក្រចក ផាត់មុខ ការថែរក្សាស្បែក ការពុតរោមភ្នែក និង សិល្បៈសាក់លើដងខ្លួន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner