នឹងបង្កើតផ្សារសមាគមសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២នាពេលខាងមុខ
បន្ទាយមានជ័យ៖ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ ដែលប្រារព្ធនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យបានបង្ហាញនូវទិសដៅនឹងរៀបចំឱ្យមានផ្សារសមាគមមួយសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជន។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានបញ្ជាក់ថា ជាទិសដៅសម្រាប់ពេលខាងមុខនេះ សមាគមនឹងរៀបចំឱ្យមានផ្សារសមាគមមួយសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារ និវត្តន៍ជនកងកម្លាំងនិងស៊ីវិលផង ដែលកំពុងរស់នៅតំបន់ការេ២ ក្នុងខេត្តបន្ទាយមានជ័យ ។លោកបន្ថែមថា យើងបំផុសលើកទឹកចិត្តដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២ ឱ្យធ្វើការដាំដុះបន្ថែមលើផ្ទៃដីដែលប្រគល់ជូន បន្ថែមលើការធ្វើស្រែរបស់ពួកគាត់ ដើម្បីយកភោគផលទាំងនេះមកលក់ឱ្យផ្សារសមាគមអតីតយុទ្ធជន។

ទាក់ទងនឹងផ្សារសមាគមដែលនឹងបង្កើតឡើង លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានអះអាងថា មានក្រុមការងាររង់ចាំទទួលទិញនូវបន្លែ ផ្លែឈើដែលក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២ យកមកលក់ ហើយពួកគាត់ក៏អាចទិញទំនិញផ្សេងៗដែលខ្លួនត្រូវការត្រឡប់ទៅវិញ។នេះជាការជួយបង្កើតការងារមុខរបរ និងកាត់បន្ថយការធ្វើដំណើរដោយលំបាកជាជនពិការ និងកាត់បន្ថយថវិកាចំណាយទៅទិញម្ហូបអាហារនៅទីផ្សារដែលស្ថិតនៅចន្លោះស្រុកភ្នំស្រុក និងស្រុកថ្មពួកខេត្តបន្ទាយមានជ័យចម្ងាយរាប់សិបគីឡូម៉ែត្រ។

គាំទ្រភ្លាមៗឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រកាសគាំទ្រនូវការបង្កើតផ្សារសមាគមមួយសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ការេ២ ស្របទៅតាមចលនា”ភូមិមួយ ផលិតផលមួយ” ៕
ដោយ៖គៀន ច័ន្ទហ៊ីន

