ពលករខ្មែរមកពីថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

(ភ្នំពេញ)៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបត្រឡប់ពីប្រទេសថៃនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង លោក យក់ សង្វាត បានឱ្យដឹងថា ពលករទាំង ៣៤រូបដែលមានស្ត្រី ១២នាក់ បានផ្តើមធ្វើការនៅថ្ងៃចន្ទ ទី២៣ នេះ ដោយ ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ដែលមានទីតាំងក្នុងស្រុកមណ្ឌលសីមា ក្នុងជំនាញកសិកម្ម។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ស៊ុន មេសា បានអបអរសាទរទៅដល់បងប្អូនពលករទាំង ៣៤រូបដែលទទួលបានឱកាសការងារភ្លាមៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុងដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ឱកាសការងានៅកន្លែងតែម្តង។

បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧០០០កន្លែងដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់នៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃសូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner