អាមេរិកពឹងចិនជួយបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃទី២២ ខែមិថុនា បានអំពាវនាវសុំជំនួយពីប្រទេសចិន ឱ្យជួយទប់ស្កាត់អ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់បំផុតរបស់ពិភពលោក។
ការអំពាវនាវរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានរាយការណ៍ថា សភាប្រទេសអ៊ីរ៉ង់បានអនុម័តវិធានការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មានលំហូរប្រេង និងឧស្ម័នសកលប្រហែល២០ភាគរយ។ យ៉ាងណា ការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃអាទិត្យ ប្រមុខការទូត និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បាននិយាយថា ខ្ញុំជំរុញដល់រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង អំពាវនាវឲ្យអ៊ីរ៉ង់កុំបិទច្រកសមុទ្រនេះ ពីព្រោះមានការពឹងផ្អែកខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់លំហូរប្រេង។
លោក Rubio បានគូសបញ្ជាក់ថា បើសិនអ៊ីរ៉ង់ធ្វើបែបនោះ វានឹងក្លាយជាការសម្លាប់សេដ្ឋកិច្ចខ្លួនឯង ហើយយើងរក្សាជម្រើសដើម្បីដោះស្រាយ ប៉ុន្តែប្រទេសផ្សេងៗទៀតនឹងពិនិត្យមើលបញ្ហានេះផងដែរ ពីព្រោះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀត ពោលគឺកាន់តែអាក្រក់ជាងអាមេរិកទៅទៀត។
ស្របពេលជាមួយគ្នានេះ លោក Rubio ក៏បានព្រមានដែរថា ចំណាត់ការបិទច្រកសមុទ្រនេះ នឹងក្លាយជាការកើនឡើងដ៏ធំដែលនឹងទទួលបានការឆ្លើយតបពីអាមេរិក និងប្រទេសដទៃទៀត។
គួរកត់សម្គាល់ ប្រហែល ២០ភាគរយនៃប្រេងរបស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រ Hormuz ភាគច្រើនជាកម្មសិទ្ធរបស់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នសំខាន់ៗនៅមជ្ឈិមបូព៌ា ដែលប្រើប្រាស់ផ្លូវទឹកនេះ ដើម្បីដឹកជញ្ជូន និងចែកចាយថាមពលចេញពីតំបន់។
ដូច្នេះ ការប៉ុនប៉ងណាមួយ ដើម្បីបង្អាក់ប្រតិបត្តិការដឹកជញ្ជូនផ្លូវទឹកនៅច្រកសមុទ្រ Hormuz អាចនាំឱ្យតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងគំហុក។ ជាក់ស្តែង តម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាមក ដោយតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងដល់ ៧៨.៨៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១១និង២២នាទីយប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអាទិត្យ។
ចិនជាម៉ូយដុំទិញប្រេងពីអ៊ីរ៉ង់ច្រើនជាងប្រទេសដទៃ ដោយបាននាំចូលប្រេងពីអ៊ីរ៉ង់លើសពី ១.៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនតាមដានកប៉ាល់ Vortexa។ ចំណែកប្រទេសមានសេដ្ឋកិច្ចធំៗនៅអាស៊ីផ្សេងទៀត រួមមានឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងក៏ពឹងផ្អែកខ្លាំងលើប្រេងឆៅដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
