កម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងនៅតែបន្តរក្សាចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងគ្នាតទៅមុខទៀត
(ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងបន្តរក្សាចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលបានបង្កើតឡើងតាំងពី៦០ឆ្នាំមុន ដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម គីម អ៊ីល ស៊ុង ។ ការថ្លែងនេះ បានធ្វើឡើងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេលដែលបានអនុញ្ញាតឱ្យឯកឧត្តម ចាង យ៉ុន ហ្គន់ (Jang Yun Gon) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បញ្ចប់បេសកកម្មការទូត ។
ក្នុងជំនួបនៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះការបញ្ចប់បេសកកម្មដោយជោគជ័យនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ឯកឧត្តម ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពី ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល ៩ឆ្នាំ នៅកម្ពុជា ។
ជាការឆ្លើយតប ឯកឧត្តម ចាង យ៉ុន ហ្គន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងក្រសួងការបរទេស ចំពោះកិច្ចសហប្រតិបត្តិការជិតស្និត និងការសម្របសម្រួលដ៏ល្អជូនដល់រូបឯកឧត្តម និងស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តដើរតួនាទីរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ក្នុងតួនាទីណាមួយរបស់ឯកឧត្តម នាពេលអនាគត ។ កម្ពុជា-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបង្កើតចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងគ្នាដំបូង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម គីម អ៊ីល ស៊ុង ពោលគឺតាំងពី ៦០ឆ្នាំមុនមកម្លេះ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ



