អ្នករត់ក្នុងស្រុកជាច្រើនចាប់ផ្តើមងាកមកប្រជែងជាមួយបរទេសក្នុងវិញ្ញាសា full marathon ៤២គីឡូម៉ែត្រ
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និបាទសារព័ត៌មាន ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងរំលេចថា ជាការកត់សម្គាល់ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥នេះ វិញ្ញាសា full marathon៤២គីឡូម៉ែត្រ ដែលភាគច្រើនមានតែជនបរទេសចូលរួមច្រើនជាងគេនោះ តែឥលូវបែជាមានអ្នករត់នៅក្នុងស្រុកដែលជាអត្តពលិកខ្មែរចូលរួមក្នុងវិញ្ញសានេះជាច្រើនផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើនថា វត្តមានដ៏ច្រើនពីអ្នកនិយមកីឡារត់ ជនជាតិខ្មែរលើវិញ្ញាសា full marathon បែបនេះបានបង្ហាញពីសុខភាពបេះដូងដ៏ល្អ របស់ប្រជាពលរដ្ឋ ក៏ដូចជាចំណង់ចំណូលចិត្តកាន់តែកើនឡើងលើការរត់ផ្លូវឆ្ងាយ។ សម្រាប់ចំនួនអ្នកចុះឈ្មោះចូលរួមគិតដល់ថ្ងៃប្រកាសនេះ មានប្រមាណ ៣០០០នាក់ហើយ ចំនួននេះ គណៈកម្មការរៀបចំ រំពឹងអាចឈានដល់ទៅ ៥០០០នាក់ ខណៈកាលពីឆ្នាំ២០២៤ យើងទទួលបានមអ្នកចូលរួម ២៨០០នាក់ប៉ុណ្ណោះ។ សម្រាប់ជនបរទេសដែលកំពង់ចុះឈ្មោះច្រើនជាងគេ គឺជនជាតិចិន និងបន្តបន្ទាប់មានជនជាតិជប៉ុន ម៉ាឡេស៊ី ចិនតៃប៉ិ និង ចក្រភពអង់គ្លេស។
មូលហេតុមានជនជាតិចិនចុះឈ្មោះច្រើនជាងគេនោះ ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ថា ដោយសារមានការចុះអនុស្សារណៈយោគយល់រវាង គណៈកម្មការរៀបចំម៉ារ៉ាតុងកម្ពុជា និង ខេត្តយូណាន ទើបមានការសម្រួលឱ្យចូលរួម។ ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះជាមួយភាគីចិន ប៉ុន្មានឆ្នាំទៀត នឹងអាចស្រូបទាញបានអ្នករត់ជនជាតិចិនយ៉ាងហោចណាស់៥០០០នាក់ ចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គ។
ជុំវិញគោលបំណងសំខាន់ នៃ ការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ គឺជួយជំរុញសន្ទ្សន៍ទេសចរណ៍អំឡុង រដូវវស្សា ឬ Green Season ដែលមិនសូវសម្បូរភ្ញៀវទេសចរ។ ដូច្នេះគណៈកម្មការរៀបចំសង្ឃឹមថា ប្រសិនបើទទួលបានអ្នកចូលរួមរត់ដល់ទៅខ្ទង់ ៤០០០ទៅ ៥០០០នាក់ដូចការរំពឹងមែននោះ នឹងអាចជួយបានច្រើនដល់ ទេសចរណ៍ ក្នុងខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏ជួយជាសកម្មភាព សប្បុរសធម៌ ជួយដល់ មន្ទីរពេទ្យនានាផងដែរ។
ដោយឡែក លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង បានទទូចអំពាវនាវដល់អ្នកមានបំណងចង់ចូលរួម រួសរាន់ធ្វើការចុះឈ្មោះឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈជូន ពិសេសគឺការចូលរួមឲ្យបានច្រើនកុះករ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ម៉ារ៉ាតុងតែមួយគត់នៅកម្ពុជានេះលើឆាកអន្ដរជាតិ ក្នុងនាមសមាជិកគណៈកម្មាធិការម៉ារ៉ាតុងអន្ដរជាតិមួយ ក្នុងចំណោមសមាជិកទាំង ១១២ប្រទេសលើពិភពលោក។ សូមបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០នេះ គឺមាន ៤វិញ្ញាសា ក្នុងនោះ មានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








