ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ជោគជ័យខណៈវិញ្ញាសាថ្មីគ្រោងបន្ថែមសម្រាប់ក្មេងមួយទៀត
(កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ដែលដំណើរការប្រកួតប្រជែង លើទឹកដីខេត្ត កំពង់ រយៈពេលចំនួន ២ថ្ងៃ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយអ្នករៀបចំព្រឹត្តិការណ៍ អះអាងថា នឹងបន្ថែម វិញ្ញាសាថ្មីXCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ សម្រាប់កូនក្មេងមួយទៀត នៅក្នុងព្រឹត្តិការណ៍ការប្រណាំងបន្ទាប់ទៀត។
លោក ការី ផ្ជែ អ៊ីសប៉ាទ្រីស អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 និងជាអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការប្រណាំងថ្ងៃទី១ វិញ្ញាសាថ្មី XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ គឺមានចំនួនកីឡាករកីឡាការិនីចូលរួមមានរហូតទៅដល់៦០នាក់ ហើយ អ្នកជិះដល់បញ្ចប់ទីមានរហូតដល់ ៩៥% ដែលកក្តាវិជ្ជមានទាំងនេះ ជំរុញលើកទឹកចិត្តនិងបន្ថែមសម្រាប់ពូលកូនក្មេងមួយទៀត ក្នុងការប្រណាំងលើកក្រោយ។
អ្នករៀបចំព្រឹត្តិការណ៍រូបនេះ ក៏បានគូសបញ្ជាក់បន្ថែមថា សម្រាប់ការប្រណាំងថ្ងៃទី២ វិញ្ញាសាប្រណាំងXCO MOUNTAIN BIKE CROSS COUNTRY OLYMPIC ការចូលរួមពីសំណាក់កីឡាករកីឡាការិនីក្នុងស្រុកក៏មានការកើនឡើងខ្លាំង និងមានការប្រកួតប្រជែងសមត្ថភាពកាន់តែខ្ពស់ គឺកីឡាករអាយុចន្លោះពី ១៥ឆ្នាំដល់ជាង ២០ឆ្នាំ។
ដោយឡែកកីឡាករ សុខ ប៊ុនហុក មកពីក្លឹបកង់ សាគីសាយឃ្លីន បានលើកឡើងថា សម្រាប់វិញ្ញាសាប្រណាំងដែលគេចូលរួមប្រជែងនេះ សង្កេតឃើញថា កីឡាករយុវជនដែលចូលរួមមានសមត្ថភាពខ្លាំង ធ្វើការប្រកួតប្រជែងមានកាន់តែខ្ពស់ ។ សម្រាប់ការរៀបចំវិញ មានលក្ខណៈស្តង់ដារ ពិសេស គឺផ្លូវប្រណាំង។ ទន្ទឹមជាមួយគ្នានេះ កីឡាកររូបនេះ ក៏បានសូមពរដល់អ្នករៀបចំព្រឹត្តិការណ៍ បង្កើតព្រឹត្តិការណ៍ប្រណាំងឱ្យបានច្រើនបន្ថែមទៀត ។ជាការផ្តល់ឱកាសឱ្យកីឡាករជម្រើសជាតិកង់ភ្នំបានប្រណាំងជាការដុះខាត់សមត្ថភាពត្រៀមសម្រាប់ស៊ីហ្គេម នៅប្រទេសថៃ នាអំឡុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
តាមគម្រោង លោក ការី ផ្ជែ អ៊ីសប៉ាទ្រីស អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង បានបង្ហើបថា នៅចុងឆ្នាំ២០២៥នេះ ចន្លោះចុងខែតុលាដល់ដើមខែធ្នូ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងចំនួនពីរទៀត នៅលើទឹកដីខេត្ត កំពង់ស្ពឺដដែល គឺស្ថិតក្នុងឃុំ ក្រាំងអំពិល និងនៅលើភ្នំគិរីរម្យ ។ហើយព្រឹត្តិការណ៍ពីរខាងលើនេះក៏បន្ថែមវិញ្ញាសា XCE ដែលជាវិញ្ញាកង់ភ្នំមានរយៈចម្ងាយខ្លី ដែលមាននៅក្នុងការប្រណាំងនៅស៊ីហ្គេមនៅថៃផងដែរ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








