កម្ពុជា អូស្ត្រាលី ពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាគ្នា ជាមួយឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ កម្ពុជា ផ្តោតការពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយប្រទេស​កម្ពុជា លើគ្រប់វិស័យ ដែលអាចចាត់ទុកថា ជាប្រទេសដៃគូគំរូ ។ ឯកឧត្តមទេស​រដ្ឋមន្ត្រី ក៏បានលើកឡើងពីស្ថានភាព និងនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន បាន​ងាកទៅរកការបង្កាត់ភ្លើងសង្គ្រាម បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ​អនុវត្តសិទ្ធិ​មនុស្ស ដោយសូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនត្រូវបានធានានោះដែរ ។

ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែង និងរឹងមាំរវាង ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា និងបានបង្ហាញពីបំណងក្នុងការបន្តពង្រឹងកិច្ច​សហប្រតិបត្តិការនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបានលើកឡើងពី​ផែនការអភិវឌ្ឍន៍ភាពជាដៃគូអូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩ ក្នុងការជួយ​លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងសេចក្តីព្រាងអនុស្សរណៈនៃ ការយោគ​យល់គ្នារវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មការ​សិទ្ធិមនុស្ស​អូស្ត្រាលី ។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែក​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-អូស្ត្រាលី ស្តីពី សិទ្ធិអ្នក​ស្រឡាញ់ភេទដូចគ្នា ជាមួយការលើកឡើងពីលម្អនៃ​សិទ្ធិ​ពល​រដ្ឋនិងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner