វត្តមានក្រុមហ៊ុន ENARITA លេចមុខនៅប៉ោយប៉ែត និងបន្ទាយមានជ័យ បន្ទាប់ពីទទួលជោគជ័យក្នុងការពុះលក់ដីកម្សាន្តនៅខេត្តសៀមរាប
ប៉ោយប៉ែត៖ ក្រោយពីទទួលជោគជ័យក្នុងការពុះលក់ដីកម្សាន្តនៅខេត្តសៀមរាប នៅក្នុងពេលនេះក្រុមអចលនទ្រព្យ ENARITA បានបោះជំហានចូលក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ និងប៉ោយប៉ែតហើយ ដោយលោកអគ្គនាយករបស់ក្រុមហ៊ុន ក៏បានប្រកាសថា នឹងបើកសាខារហូតគ្រប់២៥ខេត្តក្រុង ដើម្បីវាយលុកនៅក្នុងវិស័យមួយនេះ។ ក្នុងវេទិកាធ្វើបទឧទ្ទេសនាម និងអាហារសាមគ្គី គេកត់សម្គាល់ថាកម្មវិធីទាំងមូលទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីអតិថិជន ទាំងចាស់ទាំងថ្មីរបស់ក្រុមហ៊ុន។
វេទិកាដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ឧសភា នេះ ត្រូវគេឃើញមានការចូលរួមពីបុត្រសម្ព័ន្ធទាំង៧របស់ក្រុមហ៊ុនENARITA តែម្ដង ដែលក្នុងរួមមាន Rita កាហ្វេ, Rita Investment, Rita ទឹកបរិសុទ្ធ, Rita Education, Rita Spot, Rita Real Estate និង Rita Products។ លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ដើម្បីបំពេញតម្រូវផ្នែកវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Enarita ដែលមានបទពិសោធន៍លើវិស័យដីធ្លី នឹងបើកដំណើរការលក់ដីប្រភេទលម្ហែកាយឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដោយប្រភេទដីដែលក្រុមហ៊ុនដាក់លក់ គឺប្រភេទដីសម្រាប់សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់រមណីយដ្ឋាន។
ក្រុមហ៊ុនក៏ប្រកាសពីការបោះទុនធ្វើរមណីយដ្ឋាននៅក្នុងតំបន់របស់ខ្លួន ដោយមានគម្រោងសាងសង់ជាផ្សារ សាលារៀន និង ស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធដោយមានប្រព័ន្ធលូ ចរន្តអគ្គីសនី និងទឹកស្អាតផងដែរ ដើម្បីឲ្យអតិថិជន មានចំណាប់អារម្មណ៍សង់ផ្ទះលម្ហែកាយ ក្រោយក្រុមហ៊ុនប្រគល់ដីឲ្យ។ លោកអគ្គនាយកបន្តថា ដំណើរមកដល់ខេត្តប៉ៃលិននៅក្នុងពេលនេះ លោកថាបន្ទាប់ពីមើលឃើញពីសក្កនុពលរបស់អ្នកខេត្តបន្ទាយមានជ័យ ជាពិសេសអ្នកប៉ោយប៉ែត ដោយសារតែមើលឃើញថាតម្រូវការដីធ្លីសម្រាប់សង់ផ្ទះលម្ហែកាយរបស់អ្នកខេត្តបន្ទាយមានជ័យ ក៏មានកំណើនកើនឡើង។
ជាក់ស្ដែងក្រោយការធ្វើបទបង្ហាញពីគម្រោងរបស់ក្រុមហ៊ុន លោកកាន់តែសប្បាយចិត្តនៅពេលដែលមានអតិថិជនថ្មីៗបន្ថែមពីលើអតិថិជនចាស់ៗជាច្រើននៅខេត្តបន្ទាយមានជ័យ បានទិញគម្រោងរបស់ក្រុមហ៊ុន ដោយក្នុងនោះអ្នកខេត្តបន្ទាយមានជ័យ មិនត្រឹមតែទិញគម្រោងដីលម្ហែកាយក្នុងខេត្តបន្ទាយមានជ័យ ដែលបានបើកលក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទិញក្នុងខេត្តសៀមរាប និងកំពង់ស្ពឺ គួរឲ្យកត់សម្គាល់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enarita និងអាហារសាមគ្គីនោះ ក៏មានការច្រៀងរាំដល់ពាក់កណ្ដាលអាធ្រាត្រពីសំណាក់តារាល្បីៗ ដូចជា លោក គូម៉ា លោក សៅ ឧត្តម លោក BIG កញ្ញា សុវត្តិឌី ធារិកា លោក ឃុន វុត្ថា និងតារាជាច្រើនរូបផងដែរ ៕ធ.ដ