ទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា
បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងយ៉ាងដូច្នេះថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ នូវឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួន និងវិលត្រឡប់មកធ្វើជាពលរដ្ឋល្អឡើងវិញបាន។

កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនាក្រោមប្រធានបទ ” រួមគ្នាបង្ការ ទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា “។ពីលើវេទិកាដែលប្រារព្ធនៅព្រលានយន្តហោះវាលបែកចាន នៃភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងដោយមានវត្តមានឯកឧត្តម សុខ លូ អញ្ជើញចូលរួមផង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀនត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការបង្ការ ទប់ស្កាត់និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជាកម្មសិទ្ធិផ្ដាច់មុខ របស់ អាជ្ញាធរមានសមត្ថកិច្ច ឬ ប្រទេសណាមួយនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមពីភាពចាំបាច់នៃការគាំទ្រ ក៏ត្រូវការ ការចូលរួមពីវិស័យឯកជន តាមរយៈនៃការវិនិយោគបង្កើតនូវមជ្ឈមណ្ឌលស្ដារនីតិសម្បទា ។គ្រប់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋ ក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ។តាមរយៈនៃការដាក់ចេញនូវគោលនយោបាយ និងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជា ការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សម្ភារៈគាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ ដែលមានប្រភពផ្គត់ផ្គង់ មកពីវិស័យឯកជន។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតផ្ទៃក្នុងប្រទេសនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដ្បិតគ្រឿងញៀន ជាបញ្ហាសាកលនិងជាបញ្ហាដែលរីកសាយភាយមកកម្ពុជា ពីបណ្ដាប្រទេសខាងក្រៅ។ ឯកឧត្តម បានលើកឡើងពីភាពចាំបាច់នៃការអនុវត្តច្បាប់ដោយគ្មានការលើកលែង ទន្ទឹមនឹងការអនុវត្ត ពាក្យស្លោក” ៣កុំ ១រាយការណ៍ ” ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

