កសិករនាំគ្នាចិញ្ចឹមកណ្តូបលក់ ចំណាយដើមទុនតិច ហុចផលលឿន និងទទួលកម្រៃខ្ពស់
(កំពង់ស្ពឺ)៖ ការចិញ្ចឹមកណ្តូប គឺជាមុខរបរមួយដែលកសិករបានចាប់អារម្មណ៍ចិញ្ចឹមពីព្រោះថាវាជាការងារងាយស្រួលដោយគេអាចទទួលប្រាក់ចំណូលមួយខ្ពស់គួរសម ហើយហុចផលឆាប់រហួសដោយប្រើពេលត្រឹមតែ៤០ ទៅ ៤៥ថ្ងៃយ៉ាងយូរបំផុត។

ការចិញ្ចឹមកណ្តូបគឺគេប្រើទ្រុង ហ៊ុមព័ទ្ធដោយស្បៃ ឬមុង។គេបានដាក់ទឹកតាមជើងទ្រុងនីមួយៗដើម្បីការពារសត្វស្រមោចចូលយាយី។ការចិញ្ចឹមចៀសវាង កុំឱ្យសាចទឹកភ្លៀងចូលឬក៏ត្រូវទឹកភ្លៀង ព្រោះបណ្តាលឱ្យកណ្ដូបងាប់។ក្រៅពីនេះក៏មិនត្រូវឱ្យចង្អៀតពេកដែលបណ្តាឱ្យកណ្តូបងាយងាប់ដូចគ្នា។

លោក ប៊ុន ស្វិត ដែលរស់នៅភូមិតាកោង ឃុំអមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺបាន ប្រាប់ថាកន្លងមកនេះលោកបានចំណាយដើមទុន១លាន២សែនរៀល ទាំងធ្វើទ្រុងកណ្តូប ទិញពង និងធ្វើស្បៃមុងសម្រាប់ចិញ្ចឹមកណ្តូប។រយៈពេលជាង ៤ខែមកនេះ លោកអាចលក់កណ្តូបបាន២ទៅ៣ដងមកហើយ ។ ជាទូទៅកណ្តូបដែលលោកចិញ្ចឹមនេះគឺប្រើពេលត្រឹមតែរយៈពេល ៤០ថ្ងៃអាចរកចំណូលបាន ៥០ ទៅ ៦០ម៉ឺនរៀលក្នុងមួយទ្រុង ។

បុរសវ័យ ៥៧ឆ្នាំរូបនេះបានប្រាប់ថា ការចិញ្ចឹមកណ្តូបនេះគឺមានលក្ខណៈងាយស្រួលណាស់មិនដូចការចិញ្ចឹមសត្វផ្សេងទេ ពោលគឺទាំងចំណីក៏មិនចាំបាច់ចំណាយដើមទុនទេគ្រាន់តែយើងដើររកស្មៅពីធម្មជាតិឱ្យវាស៊ី នោះជាការគ្រប់គ្រាន់។

លោក ប៊ុនស្វិតបានប្រាប់ឱ្យដឹងដែរថាមុននេះលោកបានទិញពងកណ្តូបពីគេមួយគីឡូក្រាមថ្លៃ៣០ម៉ឺនរៀលមកភ្ញាស់ ឥឡូវនេះលោកបានលក់ពងកណ្តូប ៣សារបានថវិការជិត ១លានរៀលហើយ និងជាមួយគ្នាលោកក៏បានពង្រីកទ្រុងបាន៣ផងដែរ ។
លោក ទិន សុវណ្ណ រស់នៅភូមិ តាកោង នេះដែរបានប្រាប់ឱ្យដឹងថា៖លោកបានចិញ្ចឹមកណ្តូបនេះទទួលជោគជ័យគួរសម។សម្រាប់កណ្តូបនេះភាគច្រើនគេយកទៅលក់ឱ្យអ្នកទេសចរ ឬធ្វើជាគ្រឿងក្លែមដែលគេនិយមបរិភោគបំផុត។សម្រាប់តម្លៃលក់ឱ្យម៉ូយក្នុងមួយគីឡូក្រាម ៣៥០០ ទៅ ៣៨០០រៀល ។ តម្លៃនេះធ្វើឱ្យយើងអាចទទួលកម្រៃបានច្រើនគួរសមពេលចាប់លក់ម្តងៗមិនតិចជាង ៥០ម៉ឺនរៀលទេ ។
លោកបានឱ្យដឹងបន្ថែមថា ក្នុងពងកណ្តូប ៤ទៅ ៥ខាំ អាចទទួលបានផលកណ្តូបមកវិញពី ១០ ទៅដល់ ១៥គីឡូក្រាម ។ កណ្តូបវាតែងសករៀងរាល់ពេល ដែលធម្មតាសត្វនេះសកដើម្បីរីកលូតលាស់ធំជាងមុន ហើយអាយុពួកវាក៏មិនលើសជាង ៦០ថ្ងៃដែរ។ សម្រាប់កណ្តូបអាយុ៣៥ថ្ងៃដល់៤៥ថ្ងៃកណ្តូបធំៗល្មមអាចយកទៅលក់ទីផ្សារបានហើយ ។ អាយុកណ្តូបចន្លោះនេះមានសាច់ពេញល្អ មានពង ដែលអ្នកទិញបរិភោគគេចូលចិត្ត មានរសជាតិឆ្ងាញ់ពិសារ ពិសេសមានពងក្នុងពោះដែលគេចូលចិត្តបំផុត ។
ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ អ្នកស្រី ទឹម ចំណូល បានបញ្ជាក់ប្រាប់ថា៖ការចិញ្ចឹមកណ្តូបនៅក្នុងសហគមន៍អ្នកស្រីគឺពេលនេះមានពលរដ្ឋចិញ្ចឹមច្រើន ពោលគឺមិនតិចជាង២០ផ្ទះទេ។
ប្រធានសហគមន៍រូបនេះ បានឱ្យដឹងបន្ថែមថា សម្រាប់អ្នកចិញ្ចឹមកណ្តូបខ្នាតតូចក្នុងមួយខែអាចរកប្រាក់ចំណូលប្រមាណ៥០ម៉ឺនរៀល និងអ្នកចិញ្ចឹមខ្នាតធំបានរហូតដល់ ៣លានរៀលទៀតផង។
លោក សែម ជា ប្រធានការិយាល័យស្តីទីនៃកសិកម្ម ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ បានប្រាប់ឱ្យដឹងថាការចិញ្ចឹមកណ្តូបគឺជាមុខរបរថ្មីមួយរបស់ពលរដ្ឋក្រៅពីរបរធ្វើស្រែ។ ពលរដ្ឋដែលប្រកបរបរនេះក្រៅពីជួយរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារពួកគាត់ហើយ នៅអាចប្រើប្រាស់ធ្វើម្ហូបសម្រាប់បរិភោគក្នុងក្រុមគ្រួសារផង។កន្លងមកនេះក្រុមជំនាញឃុំ ស្រុកតែងចុះបណ្តុះបណ្តាលពលរដ្ឋក្នុងការចិញ្ចឹមសត្វ បណ្តុះបណ្តាលដាំបន្លែបង្កាដើម្បីកសិករមានជំនាញ ហើយមាននិរន្តភាពក្នុងមុខរបរបានយូរអង្វែងផង។
គួរបញ្ជាក់ថា សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ក្រៅពីសមាជិកសហគមន៍ចិញ្ចឹមកណ្តូប ពួកគាត់ក៏មានចិញ្ចឹមចង្រិត ដាំបន្លែបង្កា ដំណាំហូបផ្លែ ដែលជារបរកសិកម្មមួយជួយដល់ជីវភាពគ្រួសារ ក្រៅពីមុខរបរធ្វើស្រែដែលជាមុខរបរបង្គោលរបស់ពួកគាត់៕
ដោយ ៖ ម៉ាដេប៉ូ
